យោងទៅលើការស្រាវជ្រាវ ពិសេសគឺបញ្ហាថ្មរបស់ iPhone ទំព័រ Huffington Post ទើបតែបានចុះផ្សាយនូវអត្ថបទមួយដែលរៀបរាប់អំពីទម្លាប់អាក្រក់មួយចំនួនរបស់អ្នកប្រើប្រាស់ដែលធ្វើឱ្យប៉ះពាល់ផ្ទាល់ទៅនឹងអាយុកាលរបស់ iPhone ។

១.មិនដែលបិទ iPhone
ការស្រាវជា្រវរបស់ Huffington Post បង្ហាញថា អ្នកប្រើប្រាស់គួរតែបិទ iPhone ឱ្យបានយ៉ាងតិចមួយដងក្នុងមួយសប្ដាហ៍ ដើម្បីជួយពន្យាអាយុកាលរបស់ថ្ម។ ជាងនេះ អ្នកក៏គួរកុំដាក់ម៉ោងរោទ៍រាល់ថ្ងៃ ព្រោះថា វាធ្វើឱ្យម៉ាស៊ីនជាប់រវល់រហូត។
២.បើក Wi-Fi និង Bluetooth ២៤/២៤ម៉ោង
ការបើក Wi-Fi និង Bluetooth ២៤/២៤ម៉ោង គឺជាកត្តាមួយដែលធ្វើឱ្យឆាប់អស់ថ្ម។ ដូច្នេះ អ្នកគួរតែបើកកម្មវិធីនេះ នៅពេលចាំបាច់តែប៉ុណ្ណោះ។
៣.ប្រើប្រាស់ iPhone ក្នុងអាកាសធាតុមិនល្អ
យោងតាម Huffington Post អ្នកគួរកុំប្រើ iPhone នៅពេលអាកាសត្រជាក់ក្រោម ០អង្សាសេ ឬលើសពី ៦៣អង្សាសេ។ តែបើសិនចាំបាច់ត្រូវប្រើ អ្នកត្រូវតែដាក់ស្មាតហ្វូននេះ នៅក្នុងស្រោមស្បែក(ក្នុងករណីត្រជាក់) និងត្រូវតែមានវិធីបញ្ចុះកំដៅ(ក្នុងករណីអាកាសធាតុក្ដៅ)។
៤.បញ្ចូលថាមពលថ្មពេញមួយយប់
ការបញ្ចូលថាមពលថ្មពេញមួយយប់ គឺជាទម្លាប់របស់មនុស្សភាគច្រើន។ យោងតាមទំព័រ Gizmodo ដែលបានចុះផ្សាយកាលពីឆ្នាំទៅ ឱ្យដឹងថា “ថ្មនឹងមានអាយុកាលយូរ បើសិនគេដកឆ្នាំងសាកចេញភ្លាម ក្រោយពេលបញ្ចូលថ្មពេញ”។
៥.សាកថ្មពេញ ១០០%
ការសិក្សាស្រាវជ្រាវថ្មីៗបង្ហាញថា អ្នកប្រើប្រាស់គួរតែសាកថ្មត្រឹមតែ ៥០ទៅ ៨០%ប៉ុណ្ណោះ ព្រោះថា បែបនេះ វានឹងជួយឱ្យថ្មដំណើរការបានល្អ។
៦.ប្រើឆ្នាំសាកក្លែងក្លាយ
ការប្រើប្រាស់ឆ្នាំងសាកថ្មដែលមិនមែនត្រូវបានផលិតឡើងដោយ Apple នឹងអាចធ្វើឱ្យមានការផ្ទុះឆេះ ខូចថ្ម ។ល។
៧.មិនដាក់ Passcode
ការស្ទង់មតិមួយបង្ហាញថា អ្នកប្រើប្រាស់ iPhone ប្រហែលពាក់កណ្ដាល មិនបានដាក់កូដសុវត្ថិភាព(Passcode) ឱ្យទូរស័ព្ទនោះទេ។ ប្រការនេះនឹងបង្កជាគ្រោះថ្នាក់ធំ បើសិនទូរស័ព្ទត្រូវបានគេលួច ព្រោះថា ចោរអាចនឹងលួចគណនីធនាគារ និងទិន្នន័យឯកជនរបស់អ្នក។ល។
៨.តែងតែបើក GPS សម្រាប់រាល់កម្មវិធី
មុខងារ GPS ជួយឱ្យកម្មវិធីមួយចំនួនដំណើរការបានល្អ ពិសេសគឺបណ្ដាកម្មវិធីដែលទាក់ទឹននឹងផែនទី ដូចជា Apple Maps, Google Maps ឬ Grabbike ជាដើម។ ប៉ុន្តែ អ្នកគួរតែបើកវា សម្រាប់តែកម្មវិធីចាំបាច់ប៉ុណ្ណោះ។
៩.ដាក់របបបង្ហាញសេចក្ដីប្រកាសរបស់បណ្ដាកម្មវិធីលើអេក្រង់
នៅពេលសេចក្ដីប្រកាសមួយបង្ហាញខ្លួនលើអេក្រង់ iPhone ត្រូវចំណាយថាមពលច្រើនដើម្បីដំណើរការ ក៏ដូចជាបើកពន្លឺជាបន្តបន្ទាប់។ ដូច្នេះ ល្អបំផុត អ្នកគួរដាក់របបបញ្ចេញសេចក្ដីប្រកាសណាដែលសំខាន់ប៉ុណ្ណោះ។
១០.មិនសម្អាត iPhone ជាញឹកញាប់
ការសិក្សាស្រាវថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនមានផ្ទុកមេរោគច្រើនជាងបង្គន់ទៅទៀត។ Apple បានណែនាំឱ្យអ្នកប្រើប្រាស់ ប្រើកន្លែងទន់ ផ្សើមទឹកបន្តិចដើម្បីជូនសម្អាត iPhone ឱ្យបានញឹកញាប់។
ប្រែសម្រួល ៖ បុត្រា