ជប៉ុនបានបាញ់បង្ហោះយានអវកាសដឹកទំនិញ ដែលនាំទៅជាមួយនូវសំណាញ់ដែលអាចប្ដូរផ្លាស់គន្លងគោចររបស់សំរាមអវកាសក្នុងលំហអាកាស។

/

ទីភ្នាក់ងារអវកាសជប៉ុន JAXA កាលពីថ្ងៃទី ៩ធ្នូ បានបាញ់បង្ហោះដោយជោគជ័យនូវយានអវកាសដឹកទំនិញ HTV6 ពីមជ្ឈមណ្ឌលអវកាស Tanegashima។ HTV6 មានតួនាទីដឹកសំណាញ់ម៉ាញ៉េទិចដ៏ធំមួយ ទៅកាន់ស្ថានិយអវកាសអន្តរជាតិ (ISS) ដើម្បីប្រមូលសំរាមអវកាស នេះបើតាមទំព័រ UPI។

JAXA បានប្រកាសថា “កាំជ្រួចបានហោះត្រឹមត្រូវទៅតាមគម្រោង។ យានអវកាស HTV6 បានបំបែកខ្លួនដោយជោគជ័យ បន្ទាប់ពីបាញ់បង្ហោះបានប្រហែល ១៥នាទី”។

/

ក្រុមអ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានថា មានសំរាមអវកាសប្រហែល ១០០លានដុំ កំពុងហោះហើរជុំវិញផែនដី។ ភាគច្រើនវាមានទំហំតូច ប៉ុន្តែ សូម្បីតែខ្ចៅមួយក៏អាចបង្កគ្រោះថ្នាក់ដល់ផ្កាយរណប និងស្ថានិយអវកាស។

ឧបករណ៍របស់ជប៉ុនត្រូវបានផលិតឡើងដើម្បីដោះស្រាយបញ្ហាខាងលើនេះ។ ឧបករណ៍នេះត្រូវបានបង្កើតឡើងដោយវិស្វកររបស់ JAXA ដោយមានជំនួយពីក្រុមអ្នកជំនាញមកពីក្រុមហ៊ុនផលិតសំណាញ់ចាប់ត្រី។ សំណាញ់ម៉ាញ៉េទិចនេះ ត្រូវបានធ្វើឡើងអំពីដែកថែបមិនច្រេះស្ដើង និងខ្សែអាលុយមីញូម ហើយវាមានរូបរាងដូចសំណាញ់ធម្មតា។

សំណាញ់នេះនឹងត្រូវបានបញ្ចេញទៅក្នុងអវកាសដោយដៃរ៉ូបូតរបស់ស្ថានិយអវកាស។ សំណាញ់នេះមានកម្លាំងគ្រប់គ្រាន់ដើម្បីបង្វែគន្លងគោចររបស់សំរាមអវកាស និងបង្វែទិសដៅរបស់វាឱ្យហោះទៅកាន់បរិយាកាសរបស់ផែនដី ជាកន្លែងដែលវានឹងត្រូវបានដុតកំទេច៕

ប្រែសម្រួល ៖ តារាប្រភព ៖ RT