ព័ត៌មានក្នុងស្រុក ៖ យុវជនស្ម័គ្រចិត្តម្នាក់ ដែលបានចុះវាស់វែងដីធ្លី តាមគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្លាប់បាត់បង់ជីវិត ដោយឧបទ្ទវហេតុ ដើមឈើរលំសង្កត់ ក្នុងពេលមានភ្លៀងខ្យល់ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ នៅខេត្តក្រចេះ។

គួរបញ្ជាក់ផងដែរថា យុវជនរងគ្រោះនោះ ឈ្មោះ ច័ន្ទ ម៉ារ៉ាឌី អាយុ ២២ ឆ្នាំ ជានិស្សិតឆ្នាំ៤ ផ្នែកកំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដាក់កម្រងផ្កា ឧទិ្ទសដល់វិញ្ញាណក្ខន្ធ យុវជន ច័ន្ទ ម៉ារ៉ាឌី ព្រមទាំងបំពាក់មេដាយការងារ និងគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន ជាកិច្ចបច្ឆាមរណៈ ដល់សពយុវជនរងគ្រោះផងដែរ។ យុវជន ច័ន្ទ ម៉ារ៉ាឌី បានស្លាប់ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្សិលមិញ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
គួររំឮកផងដែរថា ទីតាំងកើតហេតុដែលបណ្តាលឲ្យយុវជនស្ម័គ្រចិត្តស្លាប់នៅខេត្តក្រចេះនោះ គឺជាតំបន់ ដែលកើតមានជម្លោះដីធ្លី កាលពីថ្ងៃទី១៦ ខែឧសភា នាំដល់ការបាញ់សម្លាប់ក្មេងស្រីម្នាក់ និងការចាប់ខ្លួនកាត់ទោស លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុក និងជាប្រធានសមាគមប្រជាធិបតេយ្យ ក្នុងជម្លោះដីធ្លី បង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបន្ថែមថា នៅពេលដើមឈើទាលបាក់រលំមកដីក្រុមការងារមួយចំនួនឃើញទាន់បាន ស្រែក និងរត់ទៅមុខ រីឯយុវជនរងគ្រោះរូបនេះទំនងជាតក់ស្លុតរត់ទៅណាមិនទាន់បែរ ជាឈរអោបក្បាល និងត្រូវដើមឈើរលំបាក់មកចំសង្កត់ពីលើតែម្តង ៕
ដោយ ៖ រិទ្ធីប្រភព ៖ khmer.fri