កំពង់ចាមៈ ក្រុមចោរប្លន់ប៉ុសិ៍្ត សេវាកម្មធានាគារ អេស៊ីលីដា ទាំង៦នាក់ត្រូវបាន សមត្ថកិច្ចបញ្ជូន ខ្លួនទៅ ពន្ធនាគារ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣នេះ បន្ទាប់ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម បានបញ្ចប់ការសាកសួរ។
លោកហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាមបានមានប្រសាសន៍តាមទូរស័ព្ទថា ក្រោយពីការសាកសួរ អស់រយៈពេល៣ថ្ងៃនេះ លោកបានចោទប្រកាន់ចំនួន៣នាក់ ពីបទលួចដោយហិង្សា តាមមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ហើយចោទជនសង្ស័យ៣នាក់ផ្សេងទៀត បានសមគំនិត។
បើតាមលោកព្រះរាជអាជ្ញា ជនសង្ស័យចំនួន៣នាក់ ដែលត្រូវធ្វើការចោទប្រកាន់ថាសមគំនិត រួមមានទី១ឈ្មោះ រឿន សុជាតិ បុគ្គលិក ទី២ឈ្មោះ អាន ម៉ាត់លី អាយុ២០ឆ្នាំ ជាបុគ្គលិក និងទី៣ឈ្មោះ សយ ឌីណា អាយុ៣២ឆ្នាំ ជាប្រធានស្តីទី នៅប៉ុស្តិ៍ សេវាកម្ម។ ដោយឡែកជនសង្ស័យចំនួន៣នាក់ទៀត ត្រូវបានចោទប្រកាន់លួចដោយហឹង្សា។ ក្រោយការចោទប្រកាន់ ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានលោកចៅក្រមស៊ើបសួរ អ៊ុំ ចាន់ថុល ចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារ។
សូមបញ្ជាក់ថា ជនសង្ស័យចំនួន៦នាក់ ដែលជាក្រុមឃុបឃិត ប្លន់ប៉ុស្តិ៍ សេវាកម្ម របស់សាខាធនាគារ អេស៊ី លីដា ស្រុកស្ទឹងត្រង់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទី យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ ក្រោយពេលសមត្ថកិច្ច បានស្រាវជ្រាវដឹងថា ក្រុមជនល្មើសទាំងនោះ បានរៀបឆាកល្ខោន ប្រើរូបភាពចាប់ ចំណាប់ខ្មាំង ជាបុគ្គលិកធនាគារចំនួន ៣នាក់ កាលពីល្ងាចថ្ងៃទី២២ ខែមករា ទៅឃុំទុកនៅក្នុង បន្ទប់ពិសេស របស់ប៉ុស្តិ៍សេវាកម្មធនាគារ អេស៊ីលីដា ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនសង្ស័យទាំង៦នាក់នោះមាន ទី១ ឈ្មោះ ស៊ីម គឹមផាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែបារាំង ឃុំព្រែកកោះ ស្រុកស្ទឹងត្រង់ ជាមេខ្លោង និងជាប្រធានបេឡា ប៉ុស្តិ៍សេវាកម្មធនាគារ ដែលជននេះបានឆ្លើយសារភាពថាមកពីខ្លួនជំពាក់បំណុលគេច្រើនពេក ទី២ ឈ្មោះ រឿន សុជាតិ បុគ្គលិក ទី៣ ឈ្មោះ ស៊ីន តុលា ហៅ ចេម អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំវត្តពោធ៍ ខេត្តកំពត ជាបុគ្គលិកនៅ វារីអគ្គសនី ខេត្តកោះកុង ទី៤ ឈ្មោះ អាន ម៉ាត់លី អាយុ២០ឆ្នាំ ជាបុគ្គលិក ទី៥ ឈ្មោះ សយ ឌីណា អាយុ៣២ឆ្នាំ ជាប្រធានស្តីទី នៅប៉ុស្តិ៍ សេវាកម្មនោះ ទី៦ ឈ្មោះ ទីម គុយហេង អាយុ២៧ឆ្នាំ ជាបុគ្គលិក។
ជនសង្ស័យទាំង៦នាក់ នោះ មាន៤នាក់ជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និង២នាក់ជាប់ពាក់ព័ន្ធ ដោយប្រយោលក្នុងករណីនេះ សមត្ថកិច្ចបាន ដកហូត បានអាវុធខ្លីម៉ាក កា៥៤ មួយដើម គ្រាប់៥គ្រាប់ និងលុយរៀល មួយចំនួន ដោយឡែក ចំពោះការបាត់បង់ប្រាក់ របស់ធនាគារ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា អស់ប្រមាណជាង៥ម៉ឺន ដុល្លារ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល