ភ្នំពេញ៖ ជាច្រើនករណី ដែលបង្កមកពីការ បាញ់បោះ ដោយសេរី គឺជនបង្ក ជាមនុស្សប្រុស ប៉ុន្តែ សម្រាប់ករណី កាលពី យប់មិញ ស្ថិតនៅ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ជនបង្កជានារីមួយក្រុមទៅវិញ ហើយមានមនុស្សប្រុស ដែលសង្ស័យជា ក្រុមអង្គរក្ស ជិះម៉ូតូចំនួន២គ្រឿង តាមបិទគូទពីក្រោយ បានធ្វើការបាញ់ប្រហារទៅលើយុវជន ពីរនាក់ បណ្តាលឲ្យ ត្រូវគ្រាប់ម្នាក់ និងម្នាក់ទៀត បាក់ជើងនៅពេលដែល ម៉ូតូរបស់ពួកគេ ទៅបុករថយន្តដែល ចតចោល ហើយដួលយ៉ាងស្រង៉ាប់ស្រង៉ិល ។
ហេតុការណ៍ ជិះរថយន្ត ដេញបាញ់គ្នាខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រហែល ១១យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវលេខ ៣៦០ កែងផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ពោលរឿងនេះ បានកើតឡើង ក្រោយពេលដែល ជនរងគ្រោះ ទាំងពីរនាក់ បានចេញ ពីក្លឹបកំសាន្ត យីហោ TOP ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារបឹងត្របែកផ្លាស្សា ដូច្នេះសមត្ថកិច្ច សង្ស័យទៅលើជម្លោះ មិនមែនជាករណីប្លន់នោះឡើយ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូម៉ាក Viva ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Y-5359 ពេលចេញពីក្លឹបកំសាន្ត ខាងលើ លុះមកដល់ ចំណុតកើតហេតុ ស្រាប់តែជួបនិងរថយន្តលុច្សស៊ីស ពណ៌ទឹកដោះគោ មិនចាំស្លាកលេខ បើក និងជិះដោយ នារីមួយក្រុម អមដោយមនុស្សប្រុសចំនួន២ម៉ូតូ តាមពីក្រោយ ធើ្វការបាញ់ប្រហារ ទៅលើជនរងគ្រោះ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានបន្តថា នៅក្នុងការបាញ់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះ មានឈ្មោះ ចែម ធារ៉ា អាយុ២១ឆ្នាំ ស្នាក់នៅក្នុងវត្តសារាវ័ន្តតេជោ កុដិលេខ៤០ មុខរបរជានិស្សិត ត្រូវចំភ្លៅខាងស្តាំមួយគ្រាប់ ។
ក្រោយពេលបាញ់ប្រហាររួច ម៉ូតូរបស់ជនរងគ្រោះ បានជ្រុលទៅបុក រថយន្តមួយគ្រឿង ដែលចតនៅតាមផ្លូវ បានបណ្តាលឲ្យដួល ហើយធ្វើឲ្យជនរងគ្រោះម្នាក់ទៀត មានឈ្មោះ ផន ផានូ អាយុ ២៧ឆ្នាំ ស្នាក់នៅម្តុំកំបូល ដួលបាក់ជើងស្តាំតែម្តង។ ក្រោយកើតហេតុ ភ្លាមៗ គេបានឃើញ សមត្ថកិច្ច ដេញពីក្រោយរថយន្ត របស់ខ្មាន់កាំភ្លើង ជានារី ប៉ុន្តែមិនអាចចាប់ បាននោះឡើយ ។
សមត្ថកិច្ច បានសង្ស័យថា នេះបណ្តាលមកពីរឿង ឈ្លោះគ្នានៅក្នុងក្លឹបកំសាន្ត ហើយបច្ចប្បន្ន សមត្ថកិច្ច បាននិងកំពុងធ្វើ ការស្រាវជ្រាវ លើករណីនេះ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល