អ្វីដែលមិនធ្លាប់មាន និង មិនធ្លាប់ឃើញពីមុនមក ពេលនេះបានរំលេចខ្លួននៅលើទឹកដីអច្ឆរិយសៀមរាប អង្គរ នៃព្រះរាជាណាចក្រកម្ពុជាយើងហើយ គឺល្ខោនសៀកកម្ពុជាហ្វារដែលមានការសម្តែងយ៉ាងប៉ិនប្រសព្វពីសំណាក់សិល្បករ សិល្បការនីរបស់សមាគមហ្វាពន្លឺសិល្ប: ដែលនឹងពាំនាំនូវទេពកោសល្យរបស់ខ្លូន មកសំដែងក្នុងខេត្តទេសចរណ៍មួយនេះចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ តទៅ។
បន្ទាប់ពីទទួលបានការគាំទ្រ និង ភាពជោគជ័យក្នុងការសម្តែងសិល្ប:ល្ខោនសៀកនៅក្នុង ខេត្តបាត់ដំបង ភាពល្បីរន្ទឺនេះ បានលាតត្រដាងទៅដល់ប្រទេសមួយចំនួនក្នុងទ្វីប អាស៊ីនិង អ៊ឺរ៉ុប ជាមួយនិង ទស្សនីយ៏ភាពដ៏ល្អឯករបស់ហ្វារពន្លឺសិល្ប:ដែលជាខ្សែរឿងបង្ហាញពីជីវិត និងសង្គមកម្ពុជានិងជាការចូលរួមបញ្ជូលនូវការសំដែងជាលក្ខណៈបែបប្រពៃណីនិងសម័យទំនើបរបស់ល្ខោន តន្រ្តីក្បាច់រាំបចេ្ចកទេសសៀកការហក់លោតនិងពត់ពែនដងខ្លួនជាដើម។
ល្ខោនសៀកកម្ពុជាហ្វារ នឹងសម្តែង រឿង ពុទ្ធោ ដំបូងគេ ដែលជាស្នាដៃនិពន្ធរបស់ក្រុមនិសិត្សសៀកនៅមុនពេលពួកគេបញ្ចប់ការសិក្សា។ រឿង ពុទ្ធោ ជាកំរងសាច់រឿងដែលបានឆ្លុះបញ្ចាំងអំពីតថភាពជីវិត របស់ប្រជាជនក្នុងសង្គមខ្មែរ រួមមានការប្រៀបធៀបសម្ពន្ធភាព ស្នេហារវាងមនុស្សប្រុសនិងមនុស្សស្រីក្នុង ប្រទេសកម្ពុជា អមជាមួយការបង្ហាញសម្រស់ជីវិតតាមរយ: តូរ្យតន្ត្រី។ ស្នេហាគ្រួសារ ការព្រាត់បា្រសនិង អំពើហឹង្សាគ្រប់រូបភាព ជាពិសេស សម្ពន្ធភាពស្នេហារវាងភេទដូចគ្នា នឹងបង្ហាញអោយឃើញកាន់តែច្បាស់តាមរយ:រឿង ពុទ្ធោ។
សូរ្យគ្រាស ជាវណ្ណកម្មទីពីរ ដែលនឹងត្រូវបានសម្តែងបន្ទាប់ពីរឿង ពុទ្ធោ។ វាជាកំរងរឿង ដែលឆ្លុះបញ្ចាំងអំពី ភាពរើសអើងក្នុងសង្គម។
សមាគមហ្វារពន្លឺសិល្ប:គឺជាសមាគមសិល្ប:ដែលមិនស្វែងរកបា្រក់ចំនេញហើយបានបង្កើតក្នុងឆ្នាំ១៩៩៤ ដោយយុវជនខ្មែរ ៨ រូបដែលត្រលប់មកពីជំរុំជនភៀសខ្លួននៅប្រទេសថៃក្នុងគោលបំណងពង្រឹងការអភិវឌ្ឍន៏ក្នុងសហគមន៏ដោយផ្តល់នូវចំណេះដឹងនិងការបង្ហាត់បង្រៀន បណ្តុះបណ្តាលនូវជំនាញសិល្ប:ជាច្រើន ដូចជាសិល្ប:សូនរូបសិល្ប:តន្រ្តីបុរាណនិងសម័យការសំដែងល្ខោន ការសំដែងសៀកនិងមានសាលាផ្តល់ចំណេះដឹងទូទៅពីកំរិតបឋមសិក្សាដល់វិទ្យាល័យ។
ល្ខោនសៀកកម្ពុជាហ្វារ នឹងសម្តែងជូននូវទស្សនីយភាពដែលជាការច្នៃប្រឧិតរបស់ខ្មែរមានភាពស្ទាត់ជំនាញនិងបញ្ជាក់អំពីអត្តសញ្ញាណជាតិខ្មែរដែលមានតែមួយគត់រួមចំនែកផ្តល់បទពិសោធសំបូរបែប និងអារម្មណ៍ស្រលាញ់មនុស្សជាតិ។
ដើម្បីអោយដឹងថា ល្ខោនសៀកកម្ពុជាហ្វារ មានអ្វីប្លែក សូមកុំភ្លេចទៅទស្សនាការសម្តែងផ្ទាល់ ដែលមានទីតាំងនៅ ផ្លូវកូមៃខាងក្រោយសារ:មន្ទីរ ជាតិអង្គរនិងទល់មុខសណ្ឋាគារអង្គរសិនជូរី ដែលនឹងត្រូវបើកសម្ភោធជាផ្លូវការនៅថ្ងៃទី ៨ ខែកុម្ភ: ២០១៣ នឹងចាប់សម្តែងនូវទស្សនីយភាពជារៀងរាល់ថ្ងៃរយ:ពេល១ម៉ោង គឺចាប់ពីម៉ោង៧:៣០ល្ងាចតទៅ។
សំរាប់ព័ត៌មានផ្សេងៗសូមទំនាក់ទំនងតាមទូរស៍ព្ទលេខ: ០១៥ ៤៩៩ ៤៨០/៨១ /៨៣។
ដោយ ៖ សីហា