Tim Holmes, អតីតបុគ្គលិករបស់ Apple ទើបតែបង្ហោះនូវរូបភាពមួយចំនួន ដែលបានថតតាំងពីថ្ងៃទី 20/12/1996 ពេលដែល Steve Jobs ត្រូវបានអញ្ជើញវិលត្រលប់មក Apple វិញ បង្កឲ្យមានការភ្ញាក់ផ្អើល ពេញពិភពបច្ចេកវិទ្យា។
ម្ចាស់រូបភាពដ៏កម្រទាំងនេះ បានសរសេរក្នុង Flickr របស់ខ្លួនថា ថ្ងៃ Steve Jobs វិលត្រលប់មកក្រុមហ៊ុន អ្នកគ្រប់គ្រងរបស់ Tim Holmes បានដើរចូលយ៉ាងប្រញាប់ទៅបន្ទប់ធ្វើការរបស់ Tim និងបានប្រាប់ថា ប្រញាប់ទៅ Town Hall (បន្ទប់ប្រជុំធំរបស់ Apple)។
Steve Jobs វិលត្រលប់មក Apple វិញនៅចុងខែធ្នូ
វាប្រាកដជា មិនមែនជាការប្រជុំឡើយ។ ខ្ញុំបានហៅប្រពន្ធរបស់ខ្ញុំភ្លាម (គាត់ក៏ធ្វើការនៅ Appleកាលពីពេលនោះ) មកបន្ទប់ប្រជុំ។ យើងខ្ញុំទាំងពីរនាក់ មិនដឹងថាមានរឿងអ្វីកើតឡើងទេ Tim Holmes និយាយ។
បើទោះជាមិនច្បាស់ថា មានអ្វីកើតឡើង ប៉ុន្តែលោកនៅតែសំរេចចិត្តយកម៉ាស៊ីនថតរូប Apple QuickTake ទៅតាម។ ផលិតផលនេះ ក្រោយមកត្រូវបាន Steve Jobs ឈប់ឲ្យផលិត។

Steve Jobs បង្ហាញខ្លួនជាមួយនាយកបច្ចេកទេស Apple Gil Amelio នៅ Town Hall
ពេលបង្ហាញខ្លួន Steve Jobs ពាក់អាវក្រៅពណ៌ខ្មៅ។ ជាក់ស្តែង ដោយសារតែបច្ចេកវិទ្យាកាមេរ៉ាថតរូបនៅឆ្នាំ 1996 មិនទាន់រីកចំរើន ទើបរូបដែលថតបាននោះ ពណ៌អាវប្រែទៅជា ពណ៌ស្វាយទៅវិញ។

Tim Holmes បានឲ្យដឹងថា បណ្តារូបភាពស្តីពី Steve Jobs ដែលលោករកឃើញនេះ គឺជាការចៃដន្យប៉ុណ្ណោះ។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន នៅពេលដែលបណ្តារូបភាព ដែលបានរក្សាទុកជាយូរណាស់មកហើយ បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងដូច្នេះ។ តាមពិតទៅពេលនោះ ខ្ញុំកំពុងតែស្វែងរកការងារនៅលើបណ្តាញសង្គម LinkedIn ហើយក៏ប្រទះឃើញរូបភាពទាំងនេះដោយចៃដន្យ។ ខ្ញុំក៏សំរេចចិត្តបង្ហោះវានៅលើ Flickr តែម្តងទៅ។

ពីរបីឆ្នាំក្រោយពីការវិលត្រលប់មកវិញ Steve Jobs ចាប់ផ្តើមណែនាំនូវផលិតផល hot មួយចំនួនដូចជា iPod, iPhone ជាដើម
ដោយ៖ សិលាប្រភព៖ VE