បរទេស៖ យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា មានមហាសេដ្ឋីជនជាតិចិនចំនួន ៣៧០នាក់ ដែល ពួកគេមានទ្រព្យសម្បត្តិ សរុបនៅក្នុងបញ្ជីចំនួន ១១៥ពាន់លានដុល្លារអាម៉េរិក ។ ដោយក្នុងនោះមានមហាសេដ្ឋីមក ពីចិនដីគោក និងហុងកុងចំនួន ៥៧.៦% ព្រមទាំងកោះតៃវ៉ាន់ចំនួន ៨.៩% ។
ជាក់ស្ដែងខាងក្រោមនេះ ជាកំពូលឧកញ៉ាទាំង១០ មានជាងគេបំផុត ក្នុងប្រទេសចិនប្រចាំឆ្នាំ២០១៥៖
១. លោកឧកញ៉ា Li Ka-shingជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនស្មាតហ្វូន Cheung Kong Holdings ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ។ លោក Li Ka-shing មានអាយុ ៨៦ ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៣,៣ ពាន់លានដុល្លារអាម៉េរិក ។

២. លោកឧកញ៉ា Lee Shau Keeជាម្ចាស់នៃក្រុមហ៊ុនអចលនទ្រព្យ Henderson Land Development ដែលមានអាយុ ៨៧ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៤,៨ ពាន់លានដុល្លារ ។

៣. លោកឧកញ៉ា Wang Jianlinជាប្រធានក្រុមប្រឹក្សាភិបាលនៃ Dalian Wanda Group ជាក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុត នៅក្នុងប្រទេសចិន ដែលមានអាយុ ៦០ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៤,២ ពាន់លានដុល្លារ ។

៤. លោកឧកញ៉ា Ma Yunត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា Jack Ma ជាស្ថាបនិកនៃ Alibaba ជាក្រុមហ៊ុនលក់ទំនិញតាម Online ដែលមានអាយុ ៥០ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២២,៧ ពាន់លានដុល្លារ ។

៥. លោកឧកញ៉ា Li Hejunជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលវេរីអគ្គិសនី Hanergy Holding Group Ltd ដែលមានអាយុ ៤៧ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ២២,១ ពាន់លានដុល្លារ ។

៦. លោកឧកញ៉ា Ma Huatengជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវិនិយោគ Tencent មានអាយុ ៤៣ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៦,១ ពាន់លានដុល្លារ ។

៧. លោកឧកញ៉ា Thomas Kwok និងលោកឧញ៉ា Raymond Kwokលោកទាំងពីរជាអនុប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសាជីវកម្ម Sun Hung Kai Properties ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥,៩ ពាន់លានដុល្លារ ។

លោកឧញ៉ា Raymond Kwok (ឆ្វេង) និងឧកញ៉ា Thomas Kwok
៨. លោកឧកញ៉ា Li Yanhongជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញសេវាកម្ម Baidu មានអាយុ៤៦ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥,៣ ពាន់លានដុល្លារ ។

៩. លោកឧកញ៉ា Cheng Yu-tungជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន Chow Tai Fook Enterprises ដែលមានអាយុ ៨៩ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៤,៤ ពាន់លានដុល្លារ ។

១០. លោកឧកញ៉ា Henry Syជាអ្នកជំនួញដ៏មានម្នាក់ អាយុ៩០ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៤,២ ពាន់លានដុល្លារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល