ដោយមានការគំរាមម្តងហើយម្តងទៀតពី កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់ នៅថ្ងៃទី២៧ ធ្នូ បានបង្កើនការជំរុញដល់អ្នកសេ្នហាជាតិនៅទូទាំងប្រទេសឱ្យក្រោកឈរឡើងទាំងអស់គ្នា ជាកំលាំងតែមួយ ដើម្បីការពារប្រទេស ដោយលោកអះអាងថា សាមគ្គីភាពជាកំលាំងតែមួយ ។ លោកលី ម្យុងបាក់ បានទទូចដូច្នេះក្នុងសុន្ទរកថាចាក់ផ្សាយតាមវិទ្យុ ។#លោកប្រធានាធិបតីថ្លែងទៀតថា «ពុំមានអ្វីខុសប្លែកពីគ្នាទេ រវាងអ្នកហើយនឹងខ្ញុំ នៅពេលនិយាយដល់រឿងសន្តិសុខជាតិ ពីព្រោះជីវិតរបស់យើង និងការនៅរស់នៅរបស់ប្រទេសគឺពឹងផ្អែកលើការសាមគ្គីគ្នា» ។ ការថ្លែងបែបនេះរបស់លោកលី ម្យុងបាក់ ធ្វើឡើងជាលើកដំបូងក្នុងសង្គ្រាមពាក្យសំដីរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលបំបែកគ្នាក្រោយបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២មក ។# លោកលី ម្យុងបាក់ ចាត់ទុកការបាញ់ផ្លោងកាំភ្លើងធំរបស់កូរ៉េខាងជើងនាពេលកន្លងមក និងការធ្វើឱ្យលិចនាវារបស់ខ្លួនកាលពីខែមីនា កន្លងមក ថា ជាការបង្កហេតុប្រឆាំងកូរ៉េខាងត្បូង ដោយចេតនា ហើយលោកថ្លែងថា ប្រសិនបើយើងបណ្តោយឱ្យកូរ៉េខាងជើងធ្វើអ្វីតាមទំនើងចិត្តនោះ សន្តិសុខជាតិ និងសន្តិភាពមិនអាចធានាបានឡើយ ។ ក្រុងសេអ៊ូលបានអត់ធ្មត់ម្តងហើយម្តងទៀតដើម្បីរក្សាសន្តិភាព ។#លោកប្រធានាធិបតីលី ម្យុងបាក់ ថ្លែងទៀតថា ប្រសិនបើយើងបង្ហាញពីការសាមគ្គីភាពរបស់យើងដល់កូរ៉េខាងជើងនោះ កូរ៉េខាងជើងនឹងលែងហ៊ានផ្គើនដាក់យើងទៀតហើយ ៕
