ថ្មីៗនេះ Microsoft បានស្នើឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Windows បន្ទាន់សម័យជាបន្ទាន់នូវកំណែជួសជុល ដែលមានទាក់ទិននឹងបញ្ហាសុវត្ថិភាពទិន្នន័យ។

/

ប្រសិនអ្នកគឺជាមនុស្សដែលមានការយកចិត្តទុកដាក់ទៅលើការអាបដេតរបស់ Windows អ្នកប្រាកដបានដឹងថា ក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រព័ន្ធប្រតិបត្តិ Windows របស់អ្នក បានស្នើឱ្យអ្នកដំឡើងកំណែជួសជុលជាបន្តបន្ទាប់ ហើយវាបង្កការរំខាន រាល់ពេលបិទម៉ាស៊ីន។ ប៉ុន្ដែ កំណែជួសជុលនេះ គឺពិតជាមានសារសំខាន់ ដូច្នេះ អ្នកគួរតែដំឡើងវាជាបន្ទាន់។

ជាក់ស្ដែង Microsoft ទើបតែបានប្រកាសចេញនូវកំណែជួសជុលដ៏កម្រមួយ សម្រាប់ដោះសា្រយបញ្ហាសុវត្ថិភាព ដែលក្រុមហ៊ុនទើបតែរកឃើញ នៅលើកំណែនានារបស់ Windows ។ ទន្ទឹមនឹងនេះ Microsoft ក៏បានស្នើឱ្យអ្នកប្រើប្រាស់ទាំងអស់ អាបដេតជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពនៃទិន្នន័យរបស់ខ្លួន។ មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា Microsoft បាន​រក​ឃើញ​កំហុស​អ្វី​ឱ្យពិតប្រាកដ​ នៅ​លើ​ Window នោះ​ទេ​។

/

កំណែជួសជុល ដែលមានភ្ជាប់មកជាមួយនូវ Windows Server 2003, Windows Vista, Windows Server 2008, Windows 7, Windows 8 និង 8.1, Windows Server 2012 និង Windows Server 2012 R2 នេះ ត្រូវបានបញ្ចេញ និងដាក់ឱ្យប្រើប្រាស់ កាលពីវេលាម៉ោង ១ទាបភ្លឺ ថ្ងៃទី ១៩វិច្ឆិកា ម៉ោងនៅកម្ពុជា។ កំណែនេះ មានទំហំប្រហែល ៥,៤ MB សម្រាប់ Windows 7 និង ៧២៤ MB សម្រាប់ Windows 8 និងកំណែខ្ពស់ជាងនេះ ប៉ុន្ដែ អ្នកប្រើប្រាស់ អាចកំណត់របបស្វ័យប្រវត្ត ដើម្បី Windows ទាញយកកំណែជួសជុលនេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ tech.slashdot