ភ្នំពេញ ៖ ដោយសារមានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសយុវវ័យ សម័យបច្ចុប្បន្ន យើងសង្កេតឃើញថា ហាងលក់ម៉ូតធំៗជាច្រើន បើកលក់យ៉ាងព្រោងព្រាត នៅតាមដងវិថីនានានៅទីក្រុងភ្នំពេញ។
នៅអំឡុងពេល ១ឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជា ម៉ូតូប្រភេទធំ បានទទួលការគាំទ្រ យ៉ាងខ្លាំង ដោយនៅតាមដងវិថីនានា ជាពិសេសតំបន់កម្សាន្ត នៅក្នុងរាជធានីភ្នំពេញ ដូចជា តាមមាត់ទន្លេ និងមជ្ឈមណ្ឌលកោះពេជ្រ នៅវេលាល្ងាចយើងឃើញមានយុវវ័យជាច្រើន បានជិះម៉ូតូប្រភេទធំៗ នាំគ្នាទៅកម្សាន្តយ៉ាងច្រើនកុះករ។
ប្រភេទម៉ូតូធំ ដែលមានការពេញនិយម នៅក្នុងប្រទេសកម្ពុជា មានដូចជា ៖ Honda CBR, Yamaha FZ, Pulsar, Honda SL, Honda XR, Yamaha XT និង Honda FTR ជាដើម។
លោក ប៊ុត បូវិបុល អាយុ ២៨ឆ្នាំ ជាបុគ្គលិកផ្នែកទីផ្សារ នៃក្រុមហ៊ុនមួយ ជិះម៉ូតូធំ ម៉ាក Pulsar 200 មានតម្លៃប្រហែល ៣ពាន់ដុល្លារ សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ការដែលគាត់ប្តូរចិត្ត មកជិះម៉ូតូធំ គឺបញ្ហាសុវត្ថិភាពជាចម្បង ជាពិសេស គឺការធ្វើដំណើរនាពេលយប់ ពុំសូវមានការភ័យខ្លាច ដូចជិះម៉ូតូប្រភេទស្រីនោះទេ។
អតីតអ្នកជិះម៉ូតូសង់ប៊ិចរូបនេះ បានឲ្យដឹងថា «ការជិះម៉ូតូប្រភេទធំ មានភាពងាយស្រួល ដូចជា មានលំនឹងក្នុងការបើកបរ, មានល្បឿនលឿនងាយស្រួល ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ និងស័ក្តិសមនឹងមាឌធំរបស់ខ្ញុំ ធ្វើឲ្យខ្ញុំកាន់តែសង្ហា»។
លោកបានបន្តឲ្យដឹងទៀតថា ទាក់ទងនឹងការចំណាយវិញ ក៏ច្រើននោះដែរ ដោយកាលដែរគាត់ជិះម៉ូតូសង់ប៊ិច ចាក់សាំង ៥ដុល្លារ ជិះបាន ១អាទិត្យ ប៉ុន្តែសម្រាប់ម៉ូតូថ្មីប្រភេទធំនេះ ចាក់ ៥ដុល្លារជិះបានតែ ២ថ្ងៃប៉ុណ្ណោះ។
ម្ចាស់ហាងលក់ម៉ូតូប្រភេទធំមួយកន្លែង នៅជិតផ្សារទូលទំពូង លោក ហេង សែ បានមានប្រសាសន៍ថា បានជាគាត់សម្រេចចិត្ត បើកហាងលក់ម៉ូតូប្រភេទធំនេះ ដោយសាររូបគាត់មើលឃើញថា បច្ចុប្បន្នអ្នកប្រើប្រាស់ម៉ូតូ មានការចាប់អារម្មណ៍ និងងាកមកប្រើប្រាស់ម៉ូតូធំច្រើន ជាពិសេសគឺនៅរយៈពេលជាង ១ឆ្នាំចុងក្រោយនេះតែម្តង។
លោកបានឲ្យដឹងទៀតថា ហាងម៉ូតូរបស់គាត់ មានលក់ម៉ូតូធំជាច្រើនប្រភេទ ដូចជា ៖ Honda CBR, Yamaha R6, Yamaha FTR និង Suzuki ជាដើម ដោយមានតម្លៃចាប់ពី ២ពាន់ដុល្លារ ឡើងទៅ។
ទាក់ទងនឹងទីផ្សារលក់ចេញវិញលោក ហេងសែ បានឲ្យដឹងថា លក់ដាច់គួរសម ដោយក្នុង មួយសប្តាហ៍អាចលក់បានពី ៤ទៅ៦គ្រឿង។ លោកសង្ឃឹមថា នៅថ្ងៃអនាគត ការរកស៊ី លក់ម៉ូតូធំរបស់គាត់ នឹងការរីកចំរើនកាន់តែខ្លាំង ដោយសារតម្លៃរបស់វាធូរថ្លៃ ប្រហាក់ប្រហែលទៅនឹង តម្លៃម៉ូតូប្រភេទស្រីដែរ។
យ៉ាងណាក៏ដោយអ្នកវិភាគសេដ្ឋកិច្ចនៅក្នុងកម្ពុជា ក៏បានបញ្ចេញមតិផងដែរថា ទោះបីជាការប្រើប្រាស់ ម៉ូតូប្រភេទធំ វាផ្តល់ភាពងាយស្រួល ទៅដល់អ្នកប្រើប្រាស់ក៏ដោយក្តី ប៉ុន្តែវាស័ក្តិសមសម្រាប់ តែអ្នកដែលមានទ្រព្យច្រើនប៉ុណ្ណោះ ព្រោះការប្រើប្រាស់ម៉ូតូធំ ត្រូវចំណាយទៅលើ ការចាក់សាំងច្រើន ធ្វើឲ្យតម្រូវការសាំង នៅក្នុងប្រទេសមាន ការកើនឡើង បណ្តាលឲ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច ខណៈចំណូលសម្រាប់ប្រជាជនម្នាក់ៗ នៅក្នុងប្រទេសកម្ពុជា មានកម្រិតទាបនៅឡើយ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល