Apple-1 គឺជាផលិតផលដំបូងមួយរបស់ក្រុមហ៊ុន Apple ហើយផលិតផលនេះ មានប្រហែលត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ ដែលត្រូវបានលក់ចេញ។

ថ្មីៗនេះ កុំព្យូទ័រជំនាន់ដំបូងមួយគ្រឿងរបស់ Apple ដែលមានឈ្មោះ Apple-1 ទើបតែត្រូវបានគេដាក់លក់ដេញថ្លៃ បានសម្រេច ដោយតម្លៃរបស់វា ឡើងដល់ ៣៦៥.០០០ដុល្លារអាមេរិក គឺប្រហែលនឹង ១.៤៨៥.៨៩០.០០០ រៀល។
យោងតាមព័ត៌មានពីអ្នកវិនិយោគ Christie តម្លៃដែលបានលក់ចេញរបស់ Apple-1 គឺទាបជាង បើធៀបនឹងតម្លៃដែលបានគ្រោងទុករបស់ក្រុមហ៊ុននេះ។ មុននេះ Christie យល់ថា ពួកគេអាចលក់ Apple-1 ក្នុងតម្លៃ ចាប់ពី ៤០០.០០០ ទៅ ៦០០.០០០ដុល្លារអាមេរិក។
កាលពីមុននេះ ក៏ធ្លាប់មានការដាក់លក់ដេញថ្លៃនូវ Apple-1 មួយគ្រឿង ដែលតម្លៃចុងក្រោយរបស់វា បានឡើងដល់ ៩០៥.០០០ដុល្លារអាមេរិក។ នេះក៏ជាឯតទគ្គកម្មអំពីតម្លៃលក់របស់ផលិតផលម៉ូដែលនេះផងដែរ។

ចំពោះ Apple-1 នេះគឺជាផលិតផលមួយក្នុងចំណោមកុំព្យូទ័រដំបូងគេបង្អស់ ដែលត្រូវបាន Apple ផលិត កាលពីឆ្នាំ ១៩៧៦។ យោងតាមការគន់គូររបស់ក្រុមអ្នកជំនាញ កុំព្យូទ័រដំបូងរបស់ Apple គឺមានប្រមាណជា ៥០គ្រឿង ហើយក្នុងនេះ ក៏មានតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ដែលនៅសល់មកដល់បច្ចុប្បន្ន៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Theguardian