ភ្នំពេញ ៖ មានការភ្ញាក់ ផ្អើលមួយ នៅ ព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នេះ បន្ទាប់ពីគេបាន ប្រទះឃើញ សពសន្ដិសុខ ម្នាក់ដេកស្លាប់ នៅក្នុងទូអេធីអឹម របស់ធនា គារមេយប៊ែង ដែលមានទីតាំងស្ថិតនៅអគារ លេខ៣២០និង៣២៥ តាមបណ្ដោយផ្លូវលេខ ២៧៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែល ការស្លាប់របស់សន្ដិសុខឯកជនខាងលើនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាលមកពី ខ្យល់គ ឬគាំងបេះដូង មិនមែនជាអំពើឃាត កម្មនោះឡើយ ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ គេប្រទះឃើញសពសន្ដិសុខម្នាក់ ឈ្មោះសា ខន អាយុ២៩ឆ្នាំ ជាសន្ដិសុខរបស់ក្រុមហ៊ុន អឹមភើរៀ ស្នាក់នៅផ្ទះលេខ២E2 ផ្លូវលេខ ១៣០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យក្រោយ ពីការសាកសួរ សន្ដិសុខផ្សេងទៀតដែលជា មិត្ដភក្ដិរបស់ជនរងគ្រោះនោះថា មុនពេល កើតហេតុ ពោលនៅ វេលាម៉ោង ប្រមាណ ១២និង៣០នាទី យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ជនរង គ្រោះមិនស្រួលខ្លួន បានឱ្យមិត្ដភក្ដិដែលជា សន្ដិសុខដូចគ្នា លាបប្រេងកូឡាឱ្យ ។ រួចហើយជនរងគ្រោះ បានសុំចូលទៅសម្រាក ក្នុងបន្ទប់ម៉ាស៊ីនអេធីអឹមដកប្រាក់របស់ធនា គារមេយប៊ែង ស្ថិតនៅចំណុចកើតហេតុខាងលើ លុះព្រឹកឡើងបង្កឱ្យមានការភ្ញាក់ផ្អើល នៅពេលដែលគេប្រទះឃើញជនរងគ្រោះ បានស្លាប់បាត់ទៅហើយនោះ  ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ ដឹងថា បន្ទាប់ពីប្រទះឃើញសពជនរងគ្រោះ កម្លាំងនគរបាលខណ្ឌ៧មករា និងកម្លាំងនគរ បាលជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ  ដើម្បីធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ រួមទាំងការសាកសួរសាក្សីបង្ហាញថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ ឬអាចបណ្ដាលមកពីគាំងបេះដូង ពោលមិនមែនជា អំពើឃាតកម្មណាមួយកើតឡើងនោះឡើយ។ ក្រោយធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះរួចហើយ កម្លាំងសមត្ថកិច្ចបានប្រគល់ សពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល