កណ្តាល៖ មន្ត្រីជំនាញសាងសង់ស្ពាន អ្នកលឿងនិយាយថា ការកសាងស្ពានអ្នកលឿង ដែលមានប្រវែង២.២២០ម៉ែត្រ គឺបាន៥២,២% ដែល ចំនួននេះ លើសពីការរំពឹងទុក។
ប្រធានអភិវឌ្ឍន៍គម្រោងស្ពានអ្នកលឿង លោក ឈឹម ផល្លា និងជាប្រធានយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន បានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ នឹងចប់មុន ខែមីនា ឆ្នាំ២០១៥ តាមគោលការណ៍បច្ចេកទេស។
លោកថ្លែង បែបនេះ ក្នុងដំណើរទស្សនកិច្ចសារព័ត៌មានមួយ ធ្វើឡើងដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ (JICA) នៃប្រទេសជប៉ុននៅ ឯការដ្ឋានសាងសង់ស្ពានអ្នកលឿង នាថ្ងៃពុធ ទី០៦ ខែមិនា ឆ្នាំ២០១៣ ។
លោកបានបន្តទៀតថា ទីកន្លែងដែលយើងកំពុងកសាងស្ពាន កន្លែងនេះសំបូរគ្រាប់ (អាវុធយុទ្ធ-ភណ្ឌ) មិនទាន់ផ្ទុះ ដែលបានបន្សល់ពីឆ្នាំ ១៩៧០-១៩៧៥ ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមការងារ មិនចុះចាញ់ និងមិនរុញរាទេ ដើម្បីសម្រេចគោលការរបស់គម្រោង។ “ការកសាងស្ពាន អ្នកលឿងនេះ មានផលប៉ះតិចតួចណាស់ ចំពោះប្រជាពលរដ្ឋដែលមានដី នៅជិត និងដីដែលកំពុងសាងសង់ស្ពាន។
យ៉ាងណាក៏ដោយលោកមានជំនឿថា សេដ្ឋកិច្ចនៅតំបន់នេះ នឹងមានការរីកចម្រើនថែមទៀត។ នៅពេលគម្រោងសាងសងស្ពានបានបញ្ចប់ កំណើនសេដ្ឋកិច្ចនឹងមានសន្ទុះកើនឡើងខ្លាំង”។
គម្រោងសាងសង់ស្ពានអ្នកលឿង ចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន និងប្រើរយៈ ពេល៥១ខែ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល