ហ្គីយ៉ាង៖ អាជ្ញាធរក្នុង តំបន់របស់ចិន បាននិយាយនៅព្រលឹម ថ្ងៃពុធនេះថា កម្មការអណ្តូង រ៉ែធ្យូងថ្មចំនួន ២១នាក់បានស្លាប់ និងបួននាក់ទៀត បាត់ខ្លួន បន្ទាប់ពីអណ្តូងរ៉ែមួយបានផ្ទុះ កាលពីល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ក្នុងខេត្ត ហ្គីហ្សូ ភាគនិរតីប្រទេសចិន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ ថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៨យប់ ថ្ងៃអង្គារ នៅអណ្តូងរ៉ែធ្យូងថ្ម ម៉ាចាង ដែលជាកម្មសិទ្ធិ របស់ ក្រុមហ៊ុន ហ្គេមូឌី។

បើតាមអាជ្ញាធរក្នុងតំបន់នោះបានឲ្យដឹងទៀតថា ក្រុមកម្មករដែលកំពុងធ្វើការនៅខាងក្រោមមានចំនួន ៨៣ នាក់ ហើយនៅពេលមានគ្រោះថ្នាក់ ផ្ទុះកើតឡើង កម្មករចំនួន ៥៨នាក់ មានសុវត្ថិភាពជាធម្មតា ដោយ ឡែកក្រុមកម្មករចំនួន ២១នាក់ស្លាប់ និង០៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

ទាក់ទងនឹងឧប្បតិហេតុនៃការផ្ទុះអណ្តូងរ៉ែធ្យូងថ្មនេះ ក្នុងប្រតិបត្តិការជួយសង្គ្រោះ និងមូលហេតុនៃការផ្ទុះ ស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល