ព្រៃវែង៖ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តព្រៃវែង រួមមានកម្លាំងនគរបាល និងកម្លាំងអាវុធ នៅវេលាម៉ោង ៨៖០០ យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ បានបាញ់តដៃគ្នា ជាច្រើនគ្រាប់ ក្រោយពេលដែល មានករណី ក្រុមចោរមួយក្រុមបាន ចូលធ្វើសកម្មភាពប្លន់ នៅផ្ទះប្រជាពលរដ្ឋ នៅភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

អធិការនគរបាល ស្រុកព្រះស្តេច លោក ហ៊ីង ហាក់ បានថ្លែងឲ្យដឹងថា ពិតជាមានករណីនេះមែន ក្រោយក្រុមចោរ និងសមត្ថកិច្ច បានបាញ់តដៃគ្នា ចំនួន២គ្រាប់ ។ លោក ហ៊ីង ហាក់ បានបន្តថា នៅពេលនេះ សមត្ថកិច្ច របស់លោកបាននិងកំពុងធ្វើការ ដេញតាម ប្រម៉ាញ់ក្រុមចោរទាំងនេះ។

ដោយឡែក លោក ស សាវឿន មេបញ្ជាការរងអាវុធហត្ថ ខេត្តព្រៃវែង បានថ្លែងថា នៅពេលនេះ កម្លាំងសមត្ថកិច្ចរបស់លោក ក៏កំពុងធ្វើការ ដេញតាមក្រុមចោរផងដែរ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីព័ត៌មានលំអិតនៅឡើយទេ ខណៈកំពុងជួយអន្តរាគមន៍នៅឡើយ។  

សេក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ក្រុមចោរមានគ្នា ចំនួន៤នាក់ បានធ្វើសកម្មភាពប្លន់ ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៧៖៣០នាទី ដោយយកទ្រព្យ សម្បត្តិ អស់មួយចំនួនធំ ហើយបាញ់បើកផ្លូវ គេចខ្លួនចេញ ពីកន្លែងកើតហេតុ តែម្តងទៅ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល