ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសញូវស្កាយ អោយដឹងថា ឆ្មាំសមុទ្រព្រដែនទឹកសហរដ្ខអាមេរិក បានព្យាយាមចេញបទអន្តរាគមន៍ចុះជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង ១០០ នាក់ ដែលបានធ្វើដំណើរលើទូកក្តោងដ៏តូចមួយ ដែលបានក្រឡាប់លិចនោះ។

គួរបញ្ជាក់ផងដែរថា ជនអន្តោប្រវេសន៍ជនជាតិហៃទី ប្រមាណជាង ៣០ នាក់ត្រូវបានគេអះអាងអោយដឹងថា បានស្លាប់បាត់បង់ជីវិត ក្រោយពីទូកក្តោងដ៏តូចមួយ ដែលជាយានជំនិះធ្វើដំណើររបស់គេនោះ ក្រឡាប់លិច នៅឯប្រជុំកោះ Bahamas ក្រោយពីបើកកើងនឹងដី។

ដោយឡែក ក្រុមមនុស្សដែលមិនបានស្លាប់បាត់បង់ជីវិត នឹងប្រឈមនឹងការស្លាប់ដូចគ្នាដែរនោះ បានស្រវេស្រវ៉ាតោងទូកនេះជាប់អស់ជាច្រើនម៉ោង ទម្រាំតែមានបទអន្តរាគមន៍ពីអាជ្ញាធរដែនសមុទ្ររបស់សហរដ្ឋអាមេរិក ។ បន្ថែមពីលើនេះ ខ្សែអាថ៍វីដេអូ ស្តីពីការជួយសង្គ្រោះក្រុមមនុស្ស ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ តោងជាប់នឹងទូកនោះ ក៏រូវបានចេញផ្សាយជាផ្លូវការ ពីសំណាក់ Royal Bahamian Defence Force ផងដែរ។

គួរបញ្ជាក់ជាផងដែរថា ជាញឹកញាប់ គេឃើញមានក្រុមអន្តោប្រវេសន៍ខុសច្បាប់ ធ្វើដំណើរដោយទូកតូចៗនោះ បានធ្វើដំណើរពនេចរឆ្លងកាត់ប្រជុំកោះ ភាគខាងកើតនារដ្ឋFlorida ក្នុងគោលបំណងសុំសិទ្ធជ្រកកោន ក៏ដូចជាចូលមករស់នៅលើប្រជុំកោះ Baha-mas ឬក៏សហរដ្ឋអាមេរិកជាដើម។ ខាងក្រោមនេះ គឺជាវីដេអូស្តីពីបទអន្តរាគមន៍ក្នុងការចុះជួយសង្គ្រោះ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ