វ៉ាស៊ីនតោន៖ ភ្នាក់ងារផ្នែកទំនាក់ទំនងមួយរូប បាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែធ្នូថា មន្ទីរ ប៉ង់តាហ្គោនអាមេរិក បានបញ្ជាក់ផ្លូវការ ទៅសមាជចំពោះគម្រោងលក់ យន្តហោះឈ្លបយកការណ៍ ឃ្លោបលហក ចំនួនបួនគ្រឿង ទៅឲ្យប្រទេសកូរ៉េខាងត្បូង។
យោងតាមទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១២ថា កិច្ចចរចានៃការទិញលក់នេះ គឺស្ថិតក្រោមកម្មវិធី លក់ដូរផ្នែកយោធា នៃ កិច្ចការបរទេស (FMS) ហើយប្រសិនបើមានការយល់ព្រម តម្លៃលក់នោះគិតជាទឹកប្រាក់ អាចមានច្រើនជាង ១,២ពាន់លានដុល្លារអាមេរិក ស្មើនឹង ១,២៨ពាន់ពាន់លានវ៉ុន។ នេះបើយោងតាមភ្នាក់ងារ សហប្រតិបត្តិការផ្នែកការពារសន្តិសុខ (DSCA) ជាមួយនឹងក្រសួងការពារ ជាតិអាមេរិកបានលើកឡើង។
បើតាមប្រភពពីផ្នែកការទូតមួយ បានបង្ហាញថា ដោយមានការចេញលិខិត ជាលាយលក្ខ៍អក្សរទៅសមាជ ចំពោះកិច្ចចរចាគម្រោងលក់ដូរនេះដែរ សមាជអាមេរិករំពឹងថា នឹងអនុម័តលើគម្រោងនេះ។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា សាធារណរដ្ឋកូរ៉េ ត្រូវការសមត្ថភាពចារកម្ម និងយន្តហោះឈ្លបយកការណ៍ ដើម្បីបន្តភាព ទទួលខុសត្រូវបឋមរបស់ខ្លួន ក្នុងកិច្ចប្រជុំសម្ងាត់របស់បណ្តា មេបញ្ជាការកងកម្លំាងដោយ ដឹកនាំដោយសហរដ្ឋអាមេរិក នៅឆ្នាំ២០១៥ខាងមុខនេះផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល