ក្រោយពីបែកធ្លាយព័ត៌មានជាច្រើនលើកមក កំណែ “បង្រួញ” Samsung Galaxy S5 Mini ក៏បានបង្ហាញខ្លួនជាផ្លូវការ។

/

បើទោះជាមានទំហំធំជាងបន្ដិច ធៀបនឹងកំណែ “រៀមច្បង” S4 Mini ប៉ុន្ដែ S5 Mini ត្រូវបានបំពាក់គ្រឿងម៉ាស៊ីនខ្លាំងជាងមុន។ S5 Mini មានអេក្រង់ 4.5 inch AMOLED 720p, ទំហំសរុប 131.1 x 64.8 x 9.1mm, ទម្ងន់ 120g ។ ព័ត៌មានល្អមួយផ្សេងទៀត គឺ សមត្ថភាពបង្ហាញរូបភាពរបស់ S5 Mini ហើយទោះជារីសូលូសឹនរបស់ S4 Mini ប្រហាក់ប្រហែលនឹង S5 Mini ក៏ដោយ តែ ដង់ស៊ីតេភីកសែល (pixel density) របស់ S5 Mini ឡើងដល់ 326ppi ចំណែក S4Mini គឺត្រឹមតែ 256ppi ។

/

ក្រៅពីនេះ ទោះជា Galaxy S5 Mini មិនមានគម្រប microUSB 2.0 នៅផ្នែកខាងក្រោម ប៉ុន្ដែ វាក៏អាចទប់ទល់នឹងការជ្រាបទឹក និងធូលី ក្នុងកម្រិតស្ដង់ដា IP67 មានន័យថា វាអាចត្រាំក្នុងទឹកបានដល់ទៅ កន្លះម៉ោង។ ផ្នែកខាងក្រោយ មិនត្រឹមតែមានស្រទាប់ដូចស្បែក ស្រដៀងនឹង S5 ប៉ុណ្ណោះទេ ប៉ុន្ដែ ស្មាតហ្វូនប្រភេទមធ្យម S5 Mini នេះ ក៏មានប្រព័ន្ធសេនសឺរ វាស់ចង្វាក់បេះដូង និងសេនសឺរសម្រាប់ស្កែនក្រយៅដៃទៀងផង។

/

Samsung Galaxy S5 Mini បំពាក់ប្រូសេសឺរ quad-core Cortex-A7 1.4GHz, RAM 1.5GB , អង្គចងចាំក្នុងម៉ាស៊ីន 16GB មានរន្ធ microSD ។

/

ម៉ាស៊ីននេះ នឹងដំណើរការដោយ Android 4.4 KitKat និងត្រូវបានបំពាក់កម្មវិធីសំខាន់ៗ មួយចំនួន ដូចជា Private mode, Kids mode, S Health និងប្រព័ន្ធសំចៃថាមពលថ្មឆ្លាតវៃ Ultra Power Saving ។

/

ថ្មរបស់ S5 Mini មានថាមពល 2.100mAh អាចប្រើបាននឹងប្រព័ន្ធ LTE 150Mbps ព្រមទាំងមានកម្មវិធី IR blaster ដើម្បីបញ្ជាឧបករណ៍អេឡិចត្រូនិច ពីចម្ងាយ។ កាមេរ៉ារបស់  S5 Mini មានកម្រិតរីសូលូសឹន 8Mp និងអាចថតសកម្មភាពកម្រិត 1080p ល្បឿន30fps រួមនឹងមុខងារល្អៗជាច្រើន សម្រាប់ថតរូប។

/

ក្រុមហ៊ុន Samsung បញ្ជាក់ថា Samsung Galaxy S5 Mini នឹងមានលក់ក្នុងទីផ្សាររុស្ស៊ី ចាប់ពីដើមខែនេះ ហើយបន្ទាប់មក វានឹងមានវត្តមាននៅទូទាំងពិភពលោក។ ចំណែកតម្លៃរបស់វា មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ ក្រុមអ្នកបច្ចេកវិទ្យាជឿថា វានឹងមានតម្លៃចន្លោះពី ៥៥០ ទៅ ៦៥០ដុល្លារអាមេរិក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ techradar/gsmarena