ភ្នំពេញ៖ ជនសង្ស័យជាចោរ ឆក់កាបូបម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌចំការមនប្រដេញ និងចាប់ខ្លួននៅចំណុចក្បែរភ្លើងស្តុប បូកគោ ផ្លូវលេខ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីជនសង្ស័យម្នាក់ នេះ ធ្វើសកម្មភាពឆក់កាបូបជនបរទេសម្នាក់ ដែលកំពុងជិះម៉ូតូកង់បី ធ្វើដំណើរទៅលើកំណាត់ផ្លូវប៉ាស្ទ័រ ជាប់របងវិទ្យាជាតិអប់រំ បានបើកព្យាយាម រត់គេចខ្លួនដល់ចំណុចខាងលើ ត្រូវសមត្ថកិច្ចចាប់ជាប់តែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាស្ដ្រីមានសញ្ជាតិ បារាំង ឈ្មោះ Sophie អាយុ៣៦ឆ្នាំ ត្រូវបានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង បើកមក អែបរួចធ្វើសកម្មភាពឆក់ យកកាបូប។
ស្ដ្រីរងគ្រោះបាននិយាយ ប្រាប់សមត្ថកិច្ចថា រូបគេ បានចេញពីសណ្ឋាគាររ៉ូយ៉ាល់ផាលេសដោយធ្វើដំណើរតាមម៉ូតូកង់៣ ក្នុងបំណងទៅកន្លែងធ្វើការនៅម្ដុំទួលទំពូង លុះមកដល់មុខវិទ្យាស្ថានជាតិអប់រំ ទល់មុខវត្ដលង្កា ត្រូវជនសង្ស័យជិះម៉ូតូមកអែបខាងស្ដាំក្បែររ៉ឺម៉កម៉ូតូ កង់៣ រួចធ្វើសកម្មភាព ឆក់យកកាបូប ហើយជិះម៉ូតូយ៉ាងលឿន គេចទៅទិសខាងលិចតាមផ្លូវព្រះសីហនុ។
ជនសង្ស័យ ដែលសមត្ថកិច្ចស្ទាក់ចាប់បាន មានឈ្មោះ សុង វិទូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះដាច់ ខណ្ឌប្ញស្សីកែវ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BF-8520 ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរបន្ដ។
សមត្ថកិច្ចបន្តថា នៅក្នុងកាបូបរបស់ស្រ្តីរងគ្រោះ មានទូរស័ព្ទដៃ លុយនិងសម្ភារ:មួយចំនួន ហើយបានប្រគល់ជូនជនរងគ្រោះវិញ គឺមានបាត់តែ វីសាកាត១ប៉ុណ្ណោះ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល