ស៊ីដនី៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា រលកយក្សស៊ូណាមិ បានកើតឡើងទៅលើប្រជុំកោះ សូឡូម៉ុន ស្ថិតនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង នៅរសៀលថ្ងៃពុធ នេះបន្ទាប់ពីមានការរញ្ជួយកើតឡើង កាលពីពេលទៀបភ្លឺមកម្ល៉េះ ដោយបណ្តាល ឲ្យកោះ ដែលនៅ ជិត និង ឆ្ងាយពីការរញ្ជួយ នោះ កំពុងមានក្តីព្រួយបារម្ភជាខ្លាំង។ នេះបើតាមព័ត៌មានពីមជ្ឈមណ្ឌលព្រមានពីរលកយក្ស ស៊ូណាមិ នៅតំបន់ប៉ាស៊ីហ្វិក នៅវេលាម៉ោង ២ និង ២៨នាទីម៉ោងសកល។
លោក តាន ជីងគាន់ ដែលជាអ្នកជំនួញប្រទេសចិន ហើយពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅ ទីក្រុង ហូនារ៉ា នៃរដ្ឋដីកោះនោះ បានប្រាប់ស៊ិនហួ តាមទូរស័ព្ទថា “ខ្ញុំបាន ទូរស័ព្ទ ទៅមិត្តភក្តិ នៅទីនោះ។ គាត់បាននិយាយថា ហាងលក់ដូរ និង អ្វីៗដែលនៅជិតកន្លែងរញ្ជួយដីត្រូវបាន ទឹកលិច ប៉ុន្តែទីក្រុង ហូនារ៉ា មិនបានទទួលផល ប៉ះ ពាល់អាក្រក់នោះទេ ដោយសារតែវាស្ថិត នៅឆ្ងាយពីចំណុចស្នូលនៃការរញ្ជួយដីនោះ។ មិនមានរបាយការណ៍បញ្ជាក់នៅឡើយទេ អំពី ជនរងគ្រោះដល់ស្លាប់ និង ការខូតទាំងឡាយនោះ។”
រលកស៊ូណាមិ ដែលមានកំពស់ ជិតមួយម៉ែត្រត្រូវបានគេរាយការណ៍ថា វាយប្រហារទៅតំបន់ ជាប់ឆ្នេរមានដូចជា ឡាតា, វ៉ាណួទូ និង ញូ កាឡេដូនៀ ជាដើម។ ប៉ូលិស តំបន់បាននិយាយ ថាភូមិក្នុងតំបន់ប្រជុំកោះ សូឡូម៉ុន មួយចំនួន បានទទួលការបំផ្លាញដោយសារគ្រោះរញ្ជួយ ដី កាលពីពេលទៀបភ្លឺថ្ងៃពុធ នេះ។ គួរបញ្ជាក់ ផងដែរថា ប្រជុំកោះ សូឡូម៉ុន គឺជាប្រជាជាតិ តូច មួយដែលលានសន្ធឹងក្នុងដែនទឹកនៃមហាសាគរប៉ាស៊ីហ្វិកខាងត្បូង ដែលត្រូវបានគេចាត់ទុក ជា តំបន់ងាយ ទទួល រង គ្រោះធម្មជាតិនានាបំផុត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល