ព្រះសីហនុ៖ ជនសង្ស័យជាចោរប្លន់ម្នាក់ ក្នុងចំណោម ជនសង្ស័យ៣នាក់ ប្រដាប់ដោយអាវុធខ្លី២ដើម ធ្វើសកម្ម ភាពភ្ជង់ និងវាយបុរសម្ចាស់ផ្ទះលក់គ្រឿងសំណង់ សំបុកត្រចៀកកាំ ដូរលុយ និងវេរលុយ តែប្លត់ស្នៀតត្រូវប្រជា ពលរដ្ឋចាប់បាន និងវិនិច្ឆ័យដោយដៃ និងជើងស្ទើរសូន្យសង្ខារ កាលពីម៉ោង ១រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០ ១៣ នៅក្រុងព្រះសីហនុ។
បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើក្រុមជនសង្ស័យ៣នាក់ ប្រដាប់ ដោយកាំភ្លើងខ្លី២ដើម បានសម្រុកចូលភ្ជង់ និងប្លន់ផ្ទះ លោក កែវ ផូរ អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ យីន អាយុ ៤៣ឆ្នាំ មានទីតាំងនៅចំហៀងផ្សារលើ យីហោផ្ទះ៤០០ ស្ថិតក្នុងក្រុម២ ភូមិ២ សង្កាត់លេខ៤ ក្រុងខេត្ត ព្រះសីហនុ។ ជនរងគ្រោះប្រកបរបរលក់ទឹកមាត់ត្រចៀកកាំ និងសំបុកត្រចៀកកាំ ឧបករណ៍នេសាទ ព្រមទាំង មានដូរលុយ និងវេរលុយផងដែរ។
តាមសាក្សីបានបន្តឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ ម្នាក់បានបន្លំធ្វើជាចូលទិញផ្លែសន្ទូច និងម្នាក់ ទៀតធ្វើជាដូរលុយ ខណៈពេលម្ចាស់ផ្ទះកំពុងរាប់លុយដូរ ជនសង្ស័យបានដកកាំភ្លើងខ្លីមកភ្ជង់ និងវាយក្បាល ជនរងគ្រោះបំណងប្លន់ទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះស្រែកឆោឡោឡើង ធ្វើឱ្យជនសង្ស័យម្នាក់ ភ័យស្លន់ស្លោរត់ ឡើងម៉ូតូឌ្រីមសង់ ដែលបក្ខពួកម្នាក់ទៀត ចាំនៅខាងក្រៅ ពណ៌ខ្មៅ គេចខ្លួនបាត់ស្រមោល ចោលបក្ខពួកម្នាក់នៅ កន្លែងកើតហេតុ ហើយត្រូវប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាព័ទ្ធចាប់ និងវិនិច្ឆ័យទោសដោយកណ្តាប់ដៃ និងរន្ទះ ជើងស្ទើរក្ស័យសង្ខារ ទើបប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយពេលឃាត់ខ្លួន និងត្រូវប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួនហើយនោះ ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ច ទាំងវង្វេងវង្វាន់ថា ខ្លួនមានឈ្មោះ អ៊ិត ស៊ីថា អាយុ ៣២ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិដងទង់ ខេត្តកោះ កុង។
ជនសង្ស័យរូបនេះ កាន់កាំភ្លើងម៉ាក កា៥៤ មាន៦គ្រាប់ និង១ដើមទៀត ដែលបក្ខពួកបោះចោលម៉ាក កា៥៩មាន ៥គ្រាប់ ។ ក្រោយសួរនាំជនសង្ស័យត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និង ឈានទៅចាប់ខ្លួនជនសង្ស័យ២នាក់ទៀត ដែលកំពង់រត់គេចខ្លួន៕





ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល