ភ្នំពេញ ៖ យ៉ាងហោចណាស់ ភ្ញៀវដែលចូលទៅ ហូបការ ចំនួន២នាក់ បានរងរបួស កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ដោយសារតែមានជម្លោះ ដែលកើតមានឡើងរវាង ភ្ញៀវ និងភ្ញៀវដែលចូលរួម ហូបការនោះ ស្ថិតនៅតាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នាយនគរបាល ប៉ុស្តិ៍ស្រះចកបាន ឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ ខាងលើនេះ ស្រាប់តែមានក្រុមភ្ញៀវដែលចូលរួម ហូបការនោះ បានឈ្លោះប្រកែកគ្នារហូតឈានទៅដល់ការវាយប្រតប់គ្នា បណ្តាលឲ្យរងរបួសចំនួន២នាក់ ហើយរត់មកប្តឹង សមត្កកិច្ចរបស់លោក ខណៈដែលមុនពេលមានកម្មវិធីនេះ ខាងភាគីម្ចាស់ដើមការ មិនបានមក សុំឲ្យសមត្ថកិច្ចទៅជួយយាមកាមនៅកន្លែងរោងការនោះឡើយ។

មន្រ្តីនគរបាល បានបន្តទៀតថា មូលហេតុនៃការវាយតប់គ្នានេះមិនមានអ្នកណាដឹងពិតប្រាកដទេ គ្រាន់តែដឹងថា បន្ទាប់ពីផឹកស៊ីស្រវឹងរៀងខ្លួនហើយ ខណៈពេលភ្ញៀវខ្លះកំពុងតែឡើងរាំ ខ្លះកំពុងតែអង្គុយហូបចុកបន្តទៀត ស្រាប់តែមានបុរសវ័យចំណាស់ មួយក្រុមបានឈ្លោះប្រកែក គ្នាកប់កែវចានហោះពេញរោងការ រហូតវាយគ្នាទៅវិញទៅមកធ្វើឲ្យផ្អើលចុងភៅប្រមូលតុកៅអី រីឯអ្នកភ្លេងកំពុងច្រៀងនាំគ្នាសារោងរៀបចំរបស់របរទុកដាក់រៀងៗខ្លួន ។

ក្រោយកើតហេតុ ជនរងគ្រោះចំនួន២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗតែម្តង៕

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល