ក្នុងរដូវឈប់សំរាកនាឱកាសបុណ្យណូអែលអ្នកដំណើរជាច្រើនពាន់នាក់ត្រូវជាប់គាំងកាលពីថ្ងៃទី១ ៩ ធ្នូ ដោយសារព្រិលធ្លាក់ខ្លាំងនៅតាមព្រលានយន្តហោះទាំងឡាយនៃទ្វីបអឺរ៉ុប ក្នុងនោះយ៉ាងតិច៥.០០០នាក់ ត្រូវដេកចាំនៅព្រលានយន្តហោះ ROISSY ក្រុងប៉ារីស ។ គឺក្នុងអឺរ៉ុបទាំងមូលដែលការដឹកជញ្ជូនជួបការលំបាក ព្រោះតែព្រិលធ្លាក់ខ្លាំងកាលពីថ្ងៃទី ១៩ ធ្នូ ។ អ្នកដំណើរជាច្រើនពាន់នាក់ត្រូវជាប់គាំងក្នុងព្រលានយន្តហោះទាំងឡាយ ជាពិសេសនៅក្រុងឡុង និងក្រុងប៉ារីស ។
នៅព្រលានយន្តហោះ ROISSY-CHARLES-DE-GAULLE អ្នកដំណើររវាងពី៥.០០០ទៅ៦.០០០នាក់ ត្រូវដេកចាំកាលពីយប់ថ្ងៃទី១៩ មក២០ ធ្នូ ។ នៅអង់គ្លេសអ្នកដំណើរជាច្រើនពាន់នាក់ក៏ជាប់គាំងកាលពីថ្ងៃទី១៩ ធ្នូ ក្នុងបណ្តាព្រលានយន្តហោះទាំងឡាយដែរ ។ ព្រលានយន្តហោះសំខាន់បំផុត២គឺព្រលានយន្តហោះ HEA-THROW និងព្រលានយន្តហោះ GATWICK បានបើកទ្វារក្រោយពីបិទស្ទើរពេញមួយថ្ងៃទី១៨ ធ្នូ ដោយមានយន្តហោះឡើងតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ៕