នៅក្នុងថ្ងៃទី ៥តុលានេះ នៅក្រុងហូជីមិញ វៀតណាម បានប្រគល់ អណ្ដើកស្ដេច ជាច្រើនក្បាលត្រលប់មកកម្ពុជា បន្ទាប់ពីរយៈពេលជិត ៣០ឆ្នាំ ត្រូវបានយកទៅចិញ្ចឹមនៅប្រទេសវៀតណាម។
លោក Dinh Van Vui (ប្រធានក្រុមអភិបាលនៃក្រុមហ៊ុន ទេសចរណ៍វប្បធម៌ស៊ុយទៀន) គឺជាអ្នកដែលបានទិញអណ្ដើកទាំងនេះពីប្រជាជនម្នាក់នៅកម្ពុជា រួចយកទៅចិញ្ចឹមនៅស្រះទឹកក្នុងតំបន់ទេសចរណ៍ខាងលើ។ រហូតដល់ខែតុលា ឆ្នាំ ២០១០ នៅក្នុងដំណើរទស្សនាទៅកាន់តំបន់ទេសចរណ៍ស៊ុយទៀន ក្រុងហូជីមិញ ក្រុមមន្ដ្រីកម្ពុជា(ENV) បានប្រទះឃើញអណ្ដើកដ៏កម្រទាំងនេះ (ដែលមានឈ្មោះក្នុងវិទ្យាសាស្ដ្រថា Batagur (Batagur affinis)។
Batagur affinis គឺជាអណ្ដើកទឹកសាបដែលរស់នៅក្នុងតំបន់ទឹកសាប នៃព្រៃលិចទឹកតាមដងទន្លេក្នុងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងតំបន់ Sumatra របស់ឥណ្ដូនេស៊ី។ អណ្ដើកប្រភេទនេះត្រូវបានគេអោយតម្លៃខ្ពស់នៅកម្ពុជា ហើយវាមានឈ្មោះថា អណ្ដើករាជា ដោយសារតែពួកវាត្រូវបានមហាក្សត្រនៃប្រទេសកម្ពុជា ប្រកាសថាជាសម្បតិរបស់ជាតិ និងហាមការចាប់ក្នុងបំណងធ្វើជំនួញ។
បន្ទាប់ពីការប្រឹងប្រែងទំនាក់ទំនងរយៈពេលពីរឆ្នាំ ជាមួយនឹងកិច្ចសហការណ៍របស់ក្រុមហ៊ុនទេសចរណ៍ស៊ុយទៀន មន្ទីរគ្រប់គ្រងព្រៃឈើហូជីមិញ រួមនឹងក្រសួងកសិកម្ម រុក្ខប្រមាញនិងនេសាទរបស់កម្ពុជា អណ្ដើកទាំងនេះ ត្រូវបានប្រគល់មកកម្ពុជាវិញ។
នៅក្នុងពិធីប្រគល់អណ្ដើកទាំងនេះ តំណាងរបស់ក្រសួង កសិកម្ម រុក្ខប្រមាញ និងនេសាទរបស់កម្ពុជាថ្លែងថា អណ្ដើកទាំងនេះនឹងត្រូវបានបញ្ជូនទៅកាន់កន្លែងអភិរក្សសត្វអណ្ដើក Batagur នៅទន្លេស្រែអំបិល របស់កម្ពុជា៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE