Mars 2020 នឹងបន្តបេសកកម្មរបស់ Curiosity ក្នុងការសិក្សាស្រាវជ្រាវនៅលើភពព្រះអង្គារ  ដើម្បីត្រួសត្រាយផ្លូវឱ្យមនុស្សមករស់នៅលើភពក្រហមនេះនាពេលអនាគត។

បច្ចុប្បន្ន រ៉ូបូត Curiosity នៅលើភពព្រះអង្គារ កំពុងតែបំពេញបេសកកម្មរបស់ខ្លួនយ៉ាងរលូន។ រ៉ូបូតនេះ បាននាំមកនូវរបកគំហើញសំខាន់ៗជាច្រើន ដូចជាការរកឃើញធាតុផ្សេងៗរបស់ភពអង្គារ ដែលអាចទាក់ទឹននឹងសភាវមានជីវិត។

/

រចនារូប​រាងរបស់ Mars 2020

ក្នុងឆ្នាំ ២០១៥ មនុស្សជាតិបានរកឃើញថា ភពព្រះអង្គារ មានទឹកក្នុងសភាពរាវ ពោលគឺលទ្ធភាពនៃការមានជីវិតរស់នៅគឺខ្ពស់។ ក៏ប៉ុន្តែ រ៉ូបូត Curiosity មិនត្រូវបានគេអនុញ្ញាតឱ្យទៅកាន់តំបន់ដែលមានទឹកនោះទេ ព្រោះខ្លាចរ៉ូបូតអាចនឹងធ្វើឱ្យប៉ះពាល់ និងបំផ្លាញប្រភពទឹក។

ដូច្នេះហើយ NASA ក៏បានសម្រេចបង្កើតរ៉ូបូតថ្មីមួយទៀតសម្រាប់បំពេញបេសកកម្មនៅភពអង្គារ។ រ៉ូបូតថ្មីដែលនឹងមានឈ្មោះថា Mars Rover 2020 នេះ នឹងត្រូវចុះចតលើភពក្រហម នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ ភារកិច្ចរបស់ Mars Rover 2020 គឺការត្រួតពិនិត្យ ប្រមូលធាតុនានានៅក្នុងដី ដើម្បីរុករកអតិសុខុមកាលនៅលើភពអង្គារ។ ទន្ទឹមនឹងនេះ វាក៏នឹងត្រួសត្រាយផ្លូវដើម្បីឱ្យមនុស្សអាចមករស់នៅលើភពនេះ ក្នុងអំឡុង ១០ទៅ ២០ឆ្នាំខាងមុខ។

Geoffrey Yoder អនុប្រធានគ្រប់គ្រងយុទ្ធនាការវិទ្យាសាស្ដ្ររបស់ NASA នៅ Washington ឱ្យដឹងថា “Mars 2020 គឺជាជំហានដំបូងក្នុងបេសកកម្មប្រមូលវត្ថុធាតុនៅលើភពអង្គារ ហើយនាំវត្ថុធាតុទាំងនោះមកកាន់ផែនដី”។

Yoder បន្តថា “Mars 2020 នឹងរកឱ្យឃើញថា តើមានសភាវមានជីវិតនៅលើភពអង្គារដែរ ឬយ៉ាងណា។ ទន្ទឹមនឹងនេះ Mars 2020  ក៏នឹងធ្វើឱ្យគោលបំណងនាំមនុស្សឡើងទៅរស់នៅលើភពអង្គារ ក្លាយជាការពិតផងដែរ។”

រ៉ូបូត Mars 2020 នឹងបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបបំផុត ដើម្បីសិក្សាឱ្យបានលំអិតបំផុតដែលមិនធ្លាប់មានពីមុនមក។

រ៉ូបូតនេះ ក៏នឹងមានបំពាក់ឧបករណ៍ពីរប្រភេទដើម្បីប្រមូលធាតុដីរបស់ភពអង្គារ ហើយក្រោយមក​នឹងបញ្ជូនធាតុដីទាំងនោះមកកាន់ផែនដីដើម្បីធ្វើការពិសោធ។ តាមរយៈការពិសោធ គេនឹងបានដឹងច្បាស់ថា ភពអង្គារពិតជាមានជីវិតរស់នៅដែរ ឬអត់។

ក្រៅពីនេះ ប្រព័ន្ធកំណត់ទីតាំងរូបភាពថ្មី នឹងអនុញ្ញាតឱ្យគេកំណត់បានថា តំបន់ណាមួយដែលសមស្របក្នុងការចុះចត។

ជាងនេះ Mars 2020 ក៏នឹងបំពាក់មីក្រូហ្វូនមួយ ជួយឱ្យអ្នកវិទ្យាសាស្ដ្រ អាចស្ដាប់លឺនូវអ្វីដែលកំពុងកើតឡើងនៅលើភពអង្គារ។ Matt Wallace អនុប្រធាននៃគម្រោង Mars 2020 ឱ្យដឹងថា “នេះនឹងជាឱកាសដ៏ល្អដើម្បីស្ដាប់សម្លេងពីភពអង្គារ ហើយវានឹងនាំមកនូវព័ត៌មានសំខាន់ៗផងដែរ”។

/

Curiosity គឺជារ៉ូបូត​ទំនើប​បំផុត​នាបច្ចុប្បន្ន

លេចធ្លោជាងគេគឺ Meda ដែលជាប្រព័ន្ធសេនសឺរមួយសម្រាប់វាយតម្លៃទៅលើសីតុណ្ហភាព ល្បឿនខ្យល់ សម្ពាធ សំណើម។ល។ ក្នុងបរិយាកាសនៃភពព្រះអង្គារ។

ដោយសារបំពាក់ឧបករណ៍លំដាប់ទំនើបបំផុត ដូច្នេះការចំណាយសម្រាប់ Mars 2020 គឺប្រមាណជា ១,៥ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ ការចំណាយនេះ ជាក់ស្ដែងវាទាបជាង Curiosity ដល់ទៅ ១ពាន់លានដុល្លារអាមេរិក។ នេះគឺដោយសារការរចនារូបរាងថ្មីរបស់ Mars 2020។

ប្រែសម្រួល ៖ បុត្រា