ព្រះសីហនុ៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ មានសតិមិនប្រក្រតី ត្រូវបានសមត្ថកិច្ចការិយាល័យ កណ្តាលសន្តិសុខ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច នគរបាលនៃ អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ធ្វើការបង្រ្កាបជាក់ស្តែង ខណៈពេលដែលជនបរទេស រូបនេះកំពុងដើអុកឡុក ចូលផ្ទះប្រជាពលរដ្ឋបង្កឱ្យ ចលាចលពាសពេញក្រុងព្រះសីហនុ ។ ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចផ្ទះកាត់ដេរយីហោ ហេងហេង ម៉ូតកាត់ដេរ ដែលមានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ សុធី ភេទប្រុស ស្ថិតនៅក្នុងក្រុមទី៧ ភូមិ៣ ផ្លូវឯករាជ្យ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ សម សារឿន នាយការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានប្រាប់អ្នកយកព័ត៌មានដើមអម្ពិលប្រចាំខេត្តព្រះសីហនុថា បុរសជនជាតិអាល្លឺម៉ង់ រូបនេះមានឈ្មោះ SEVDAS STEFAN ភេទប្រុស ឆ្នាំកំណើត ១៩៦៨ សញ្ជាតិអាល្លឺម៉ង់ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ A2148259 ទិដ្ឋាការគ្មាន (លិខិតឆ្លងដែនបាត់) ជនបរទេសរូបនេះ បានចូលមកខេត្តព្រះសីហនុកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ស្នាក់នៅផ្ទះសំណាក់ សុខុម បន្ទប់លេខ ១១៥ ស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំពោះមូលហេតុនៃការឃាត់ខ្លួនគឺ ទី១៖ស្នាក់ នៅមិនស្របច្បាប់ (គ្មានលិខិតឆ្លងដែនជាប់តាមខ្លួន) ទី២៖ មានសភាពមិនប្រក្រតី ដើរស្រែកឡូឡា បង្កការអុកឡុកតាមលំនៅដ្ឋានប្រជាពលរដ្ឋ តាមផ្លូវសាធារណៈ និងយកភេសជ្ជះរបស់អ្នកលក់ដូរតាមតំបន់ឆ្នេរអូរឈើទាល ផឹកស៊ីមិនឱ្យលុយគេ ។
មន្ដ្រីសមត្ថកិច្ច បានប្រាប់ថាជនអាល្លឺម៉ង់រូបនេះមិនត្រឹមតែបង្កបញ្ហាអុកឡុកប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងដេញវាយប្រជាពលរដ្ឋសូម្បីតែកំលាំងសមត្ថកិច្ចនគរបាលចុះទៅក៏ត្រូវជនរូបនេះដេញវាយដែរទើប សំរេចធ្វើការឃាត់ខ្លួននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំធ្វើកំណត់ហេតុ នឹងរង់ចាំបទបញ្ជាពីថ្នាក់លើ ។
ជុំវិញបញ្ហាខាងលើសមត្ថកិច្ចនគរបាលបានសន្និដ្ឋានថាបុរសខាងលើទំនងជាកើតរោគសរសៃប្រសាទឯមតិ ភាគច្រើនយល់ឃើញថាជនបរទេសរូបនេះទំនងជាជាប់សារធាតុញៀន៕




ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល