មានភ្ញៀវទេសចរទាំងឡាយដែលបានទៅទស្សនានៅសៀមរាបអង្គរ ពិសេសអ្នកដែលនិយមទៅទស្សនាទិដ្ឋភាពថ្ងៃលិចនោះ ពួកគាត់បាននាំគ្នាសម្រុកឡើងទៅលើកំពូលភ្នំបាខែងដោយមិនបានដឹងថា នៅសៀមរាបអង្គរមានកន្លែង ទស្សនាថ្ងៃលិចដ៏ពិសិដ្ឋមួយកន្លែងទៀត ដែលអាចទស្សនាថ្ងៃលិចដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះឡើយ។

កន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏អស្ចារ្យនោះ គឺប្រាសាទជ្រុង។ ប្រាសាទជ្រុង ជាប្រាសាទ តូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ។ បើយើងចង់ទៅទស្សនាថ្ងៃ លិច កន្លែងដ៏ពិសិដ្ឋគ្មានពីរនៃប្រាសាទជ្រុងនោះ យើងគ្រាន់តែចូលពីខ្លោងទ្វារ ខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទនោះ យើងនឹងបានឃើញប្រាសាទតូចមួយ ទីនោះហើយដែលជាប្រាសាទជ្រុង។

width=472

ចំណុចដ៏ពិសិដ្ឋនៃការទស្សនាថ្ងៃលិចនៅប្រាសាទ ជ្រុងដែលមានទិដ្ឋភាពខុសពីការទស្សនាថ្ងៃលិចនៅកំពូលប្រាសាទភ្នំបាខែងនោះ គឺថាការទស្សនាថ្ងៃលិចនៅទីនេះ វាហាក់បីដូចជាយើងបានឃើញព្រះទិនក្ស័យយាង ចូលទិវង្គតសន្សឹមៗចំនួនពីរដំណាលគ្នារហូតរលុបបាត់ស្រមោលនៅជើងមេឃ និងជំនួសមកវិញនូវស្បៃរាត្រី កាលដែលមានព្រះចន្ទចាំងពន្លឺក្រហមប្រឿងៗដែលកំដរទៅដោយតន្ត្រីធម្មជាតិបន្លឺឡើងដោយខ្យល់ជំនោររាត្រី និងសំឡេងសត្វព្រៃយំរំពងព្រៃខ្ទ័រជាមួយនឹងទឹកទន្លេអុំរឹតធ្វើឱ្យទីនេះមានភាពអស្ចារ្យទ្វេឡើងថែមទៀត។

អ្វីដែលធ្វើឱ្យភ្ញៀវទេសចរដែលបានទៅទស្សនា ថ្ងៃលិចនៅប្រាសាទជ្រុងមានការសោកសង្វេគនោះ គឺប្រាសាទដ៏តូចច្រឡឹងមួយនេះទទួលរងនូវការបាក់បែក ខ្ទេចខ្ទាំយ៉ាងដំណំនាសម័យស្រុកមានសង្គ្រាម ហើយប្រាសាទនេះហាក់បីដូចជាត្រូវបានគេបោះបង់ ឱ្យកំព្រាឯកាទៅវិញ៕

ដោយ៖ រិនដូ

ប្រភព៖ .chanbokeo.