កីឡាករ និងកីឡាការិនីកម្ពុជាចំនួន៦នាក់ដែលកំពុងប្រកួតក្នុងកីឡា អូឡាំពិកឆ្នាំ២០១២ នៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស អោយដឹងថា ពួកគេដឹងថាការប្រកួតកីឡាអូឡាំពិក គឺពិតជាពិបាកណាស់ ក៏ប៉ុន្តែ ពួកគេនឹងព្យាយាមយ៉ាងអស់ពីសមត្ថភាព។ កញ្ញា សន ដាវិន ដែលបានចាប់ផ្តើមចូលហាត់កីឡាតៃខ្វាន់ដូ ពេលមានអាយុ១៥ឆ្នាំហើយនោះ ថ្លែងប្រាប់វីអូអេថា ការប្រកួតក្នុង ២ឆ្នាំដំបូងនាងតែងតែចាញ់។

«ប៉ុន្តែថ្ងែមួយខ្ញុំឃើញពាក្យស្លោកមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់កីឡាករដែលថា “ការចាញ់គឺជាភាពឈ្នះឆ្ពោះទៅរកភាពជោគជ័យ។” ដល់ពេលអញ្ចឹងខ្ញុំគិតថាខ្ញុំធ្លាប់ចាញ់…ខ្ញុំអត់ត្រូវចាញ់ ជានិច្ចទេ ខ្ញុំត្រូវតែឈ្នះដើម្បីខ្លួនឯង និងដើម្បីប្រទេសជាតិទាំងមូល»។
ប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ១៩៥៦ ហើយបានចូលរួមឡើងវិញនៅឆ្នាំ១៩៩៦ ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ កម្ពុជានៅមិនទាន់បានទទួលមេដាយកីឡាអូឡាំពិកនៅឡើយទេមកទល់នឹងពេលនេះ។ គួររំលឹកថា កីឡាករខ្មែរ ២នាក់ ប្រកួតក្នុងវិញ្ញាសាហែលទឹក ២នាក់ ប្រកួតរត់ប្រណាំង ម្នាក់ក្នុងកីឡា Judo និងនាងដាវិន ប្រកួតកីឡាតៃខ្វាន់ដូ៕
ដោយ ៖ ចំណាប់ប្រភព ៖ voa