ភ្នំពេញ៖ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី បាននិយាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣នេះថា លោកនឹងមិនប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ទៀតនោះទេ ជុំវិញពាក្យបណ្តឹងជាមួយសម្តេចតេជោ ហ៊ុន សែន ព្រោះលោកគ្មានជំនឿ ទៅលើប្រព័ន្ធតុលាការនៅកម្ពុជាទៀតឡើយ ហើយលោកជឿជាក់ថា សម្តេច ហ៊ុន សែន ក៏មិនប្តឹងបកមករូបលោកវិញនោះដែរ។
លោក សួង សុភណ្ឌ មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី៩ មករា ២០១៣នេះថា លោកបានសម្រេច ចិត្តហើយថា មិនប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ទៀតនោះទេ ពាក់ព័ន្ធទៅនឹងបណ្តឹង ជាមួយសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចតម្កល់សំណុំរៀងនេះ មិនចាត់ការបន្តនោះ ហើយដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ ដែលបានស្លាប់ និងរបួសនៅលើស្ពានកោះពេជ្រ លោកសូមឲ្យប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួម បោះឆ្នោតទាំងអស់គ្នា។
លោកថា “មានតែការបោះឆ្នោតទម្លាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនទេ ដែលអាចមានតុលាការយុត្តិធម៌ ហើយអាចរកយុត្តិធម៌ ជូនជនរងគ្រោះបាន និងរកមុខអ្នក ដែលប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស ហើយឆ្លងកាត់ការមិនចាត់ការ លើសំណុំរឿងរបស់ខ្ញុំនេះ ខ្ញុំយល់ឃើញថា តុលាការគឺស្ថិតនៅក្រោមការគាប សង្កត់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន”។
លោក សួង សុភណ្ឌ បញ្ជាក់ថា ចំពោះការដាក់ពាក្យប្តឹងសម្តេច ហ៊ុន សែន ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ គឺលោករង់ចាំឲ្យចប់នូវព្រះរាជពិធីបូជា ព្រះបរមសព ព្រះបាទ នរោត្តម សីហនុ រួចរាល់សិន ទើបសម្រេចចិត្តថាប្តឹង ឬមិនប្តឹង។
លោក បញ្ជាក់បន្ថែមថា “រហូតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលដំណឹង ពីការប្តឹងបកមកលើរូបលោក ពីសំណាក់សម្តេច ហ៊ុន សែននៅឡើយទេ ហើយ លោកមានជំនឿយ៉ាងមុតមាំថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនប្តឹងនោះទេ”។
មេដឹកនាំចលនាយុវជន គណបក្សសម រង្ស៊ី រូបនេះ បានប្រាប់ពីមូលហេតុមួយចំនួន ដែលបង្ហាញថាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនហ៊ានប្តឹងមកលើរូបលោក៖ ទី១-លោក សូរិយា ប្រាសាទ ស៊ូបេឌី ទើបតែបាននិយាយហើយ ជុំវិញបញ្ហាសិទ្ធិមនុស្ស។ទី២-លោក ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ទើបតែបាននិយាយដែរ ក្នុង សកម្មភាព គោរពសិទ្ធិមនុស្សនៅកម្ពុជា។ទី៣-ក្នុងឱកាសដែលប្រទេសកម្ពុជា កំពុងតែប្រារព្ធពិធីកាន់ព្រះមរណទុក្ខ របស់សម្តេច ព្រះបាទនរោត្តសីហនុ បើប្តឹងនោះ ជាការមើលងាយ និងប្រមាថដល់ព្រះបាទ នរោត្តម សីហនុ។ ទី៤-នៅក្នុងឆ្នាំ២០១៣នេះ គឺជាឆ្នាំដែលត្រូវបោះឆ្នោត និងទី៥-បើសម្តេចហ៊ុន សែនប្តឹង គឺជាការវាយ បំបាក់ ទឹកចិត្តរបស់យុវជនកម្ពុជា ដែលជាទំពាំងស្នងប្ញស្សី។
លោក បានលើកឡើងទៀតថា “ក្នុងករណី បើសិនជាសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ហ៊ានប្តឹង សូមមេត្តាចុះចេញពីតំណែង ដូចលោក ប្រធានាធិបតី អ៊ីស្រាអែល ព្រោះមុននឹងប្តឹងជនសាមញ្ញ ត្រូវតែចុះចេញពីតំណែង ហើយបើសម្តេចនាយករដ្ឋមន្រ្តីនៅតែប្តឹង គឺជាថ្ងៃអន្សាចុងក្រោយ របស់សម្តេចជាមិនខាន”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា អ្វីដែលប្រធានចលនាយុវជន គណបក្សសម រង្ស៊ី បានធ្វើនេះ គឺគ្រាន់តែជាទិសដៅមួយរបស់គេ ក្នុងការបរិហាកេរិ៍្តសម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។ ហើយនៅពេលដែល សម្តេចមិនយកចិត្ត ទុកដាក់ នឹងអំពើដែលខ្វះសតិគិតគូរ ទើបគេធ្វើយ៉ាងណា ដើម្បីឲ្យសម្តេចឮសំឡេង ដែលជាយុទ្ធសាស្រ្តរបស់គេ ទៅតតាំងជាមួយកូនក្មេង។
លោកបន្តថា “យើងជារាជរដ្ឋាភិបាល គឺមើលទៅតាមផ្លូវច្បាច់តែប៉ុណ្ណោះ ហើយក៏មិនឆ្លងឆ្លើយជាមួយនឹងមនុស្សម្នាក់ដែលគ្មានការគិតគូរនោះទេ ហើយចំពោះរឿង ហ៊ានប្តឹង ឬមិនប្តឹង យើងមិនមែនជាកូនក្មេងទេ ព្រោះយើងជារាជរដ្ឋាភិបាល ដោយនេះមិនមែនជារឿងលេងសើច ដូចកូនក្មេងលេង ជាមួយនាយករដ្ឋមន្រ្តីទេ”។
គួររម្លឹកថាប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភណ្ឌ បានដាក់ពាក្យប្ដឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ពីបទឃាតកម្មគិតទុកជាមុន ដែលបានធ្វើឲ្យប្រជាពលរដ្ឋ សា្លប់ប្រមាណ៣៥៣នាក់ និងរបួសជាច្រើនរយនាក់ផ្សេងទៀត នៅ លើស្ពានកោះពេជ្រ កាលពីឆ្នាំ២០១០ ក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។ មិនយូរប៉ុន្មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសជាសាធារណៈ ថា សម្តេចនឹងប្ដឹងបកប្រធានចលនាយុវជន គណបក្ស សម រង្ស៊ី វិញ ប្រសិនជាតុលាការ រកមិនឃើញកំហុសសម្តេច ដូចការចោទប្រកាន់ នោះ។
ក្រោយពីការដាក់ពាក្យបណ្តឹង សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សួង សុភណ្ឌ ឲ្យចូលបំភ្លឺ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២ ហើយលោកក៏ បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការ ក្នុងនោះ លោកបានយកភស្ដុតាងមួយចំនួន ដូចជារូបភាពសោកនាដកម្ម និងឯកសារពាក់ព័ន្ធមួយចំនួនដោយគ្មានអ្នក ហែរហមអមដំណើរ ជាមួយ សូម្បីតែមេធាវីក៏គ្មានដែរ។ លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់សំណុំរឿងនេះ មិនចាត់ការលើបណ្តឹងប្រឆាំងសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធ និងការធ្វើឲ្យប្រជាពលរដ្ឋ សា្លប់ប្រមាណ ៣៥៣នាក់ និងរបួស ជាច្រើនរយនាក់ផ្សេងទៀត នៅលើស្ពានកោះ ពេជ្រ កាលពីឆ្នាំ២០១០៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល