ភ្នំពេញ៖ កម្មករសំណង់ ២នាក់ បានដួលសន្លប់ស្តូកស្តឹង និងរងរបួសធ្ងន់ធ្ងរ ដោយខ្សែភ្លើងឆក់ ហើយត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ នៅចំណុចក្រោម ស្ពានស្ទឹងមានជ័យ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅ ក្បែរចំណុចកើតហេតុ ហើយបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែក បានឲ្យដឹងថា មុនពេលកើតហេតុ គឺពួកគាត់សង្កេតឃើញបុរស២នាក់ ឡើងទៅលើរថយន្ត ធុនធំមួយគ្រឿង និងតោងខ្សែពួរ ដើម្បីឲ្យរថយន្តយោង ពួកគេឡើងទៅលើ ខណៈនោះ ពេលរថយន្តកំពុង យោងបានប្រមាណជាង២ម៉ែត្រ ពីដី ស្រាប់តែដងស្ទូចទាក់ជាមួយនឹងខ្សែភ្លើង នៅខាងលើ បណ្តាលឲ្យ ឆក់មនុស្សប្រកាច់ធ្លាក់ចុះ មកដីដួលសន្លប់ម្នាក់ និងម្នាក់ទៀតធ្លាក់ ទើក្នុងរថយន្ត ត្រូវរងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗនោះ  កម្មកររងគ្រោះទាំង២នាក់ខាងលើនេះ ត្រូវបានបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ ។ ជុំវិញហេតុការណ៍ឆក់ខ្សែភ្លើងខាងលើនេះ គឺបុរសរងគ្រោះទាំង២នាក់ មិនត្រូវបានគេ ស្គាល់អត្តសញ្ញាណឡើយ។ គួរបញ្ជាក់ថា ទាក់ទិននឹងករណីឆក់ខ្សែភ្លើងនេះ ពេលក្រុមអ្នកសារព័ត៌មាន ចុះទៅយកព័ត៌មាន បានចុះទៅថតផ្តិតយករូបភាពជាក់ស្តែង ប៉ុន្តែត្រូវក្រុមសន្តិសុខ រួមជាមួយនឹងក្រុម កម្មករសំណង់ នៅក្នុងការដ្ឋាន ក្រោមស្ពានស្ទឹងមានជ័យ បានព្រួតគ្នាដេញវាយ មិនឲ្យក្រុមអ្នកយកព័ត៌មាន ថតរូបភាព កម្មករ រងគ្រោះឡើយ ដោយពួកគេបានបោះ ពាក្យសំដីមិនសមរម្យ និងយកទឹកជះមកលើម៉ាស៊ីនថត អ្នកកាសែតថែមទៀត ហាក់បីដូចជាករណីខាងលើនេះ មានរឿងអាថ៍កំបាំង មិនចង់ឲ្យអ្នកសារពត៌មានយកទៅចុះផ្សាយ។ ចំពោះទង្វើមិនគប្បី របស់ក្រុមសន្តិសុខ និងក្រុមកម្មករខាងលើនេះ ប្រជាពលរដ្ឋបានរិះគន់ថា នៅក្នុងហេតុការណ៍នោះ ហាក់បីដូចជាមានអាថ៌កំបាំង អ្វីមួយ ក្នុងអំពើដែលក្រុម កម្មករប្រើប្រាស់រថយន្តស្ទូច យោងពួកគេឡើង ខុសប្រក្រតី ដូច្នេះសូមឲ្យសមត្ថកិច្ចមូលដ្ឋាន ពិសេសសាលារាជធានីភ្នំពេញ មានវិធានការ និងស្រាវជ្រាវឲ្យបានដឹងច្បាស់ ពីមូលហេតុដែលបុរស២នាក់ ខាងលើ ត្រូវខ្សែភ្លើងឆក់ផង៕

/

/

/

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល