រដ្ឋាភិបាលញូវហ្សេឡេនជ្រើសយក ក្រុមហ៊ុន Apple ដោយរំលងក្រុមហ៊ុន BlackBerry, Google, និង Microsoft ដើម្បីទិញយកស្មាតហ្វូនចំនួន ៦០០០គ្រឿង និង Tablet ចំនួន ៣៩០០គ្រឿង សម្រាប់ផ្តល់ឲ្យមន្ត្រី ការិយាល័យរបស់ខ្លួន។ ឧបករណ៍ BlackBerry ជាក់ស្តែងធ្លាប់ជាទូរស័ព្ទ សម្រាប់ប្រើប្រាស់នៅក្នុង ជួររដ្ឋាភិបាលប៉ុន្តែរឿងនោះ ហាក់បីដូចជាត្រូវបានផ្លាស់ប្តូរវិញ។ ក្រុមហ៊ុន Apple កំពុងរីកចម្រើនខ្លាំងឡើង ក្នុងការទទួលបានឱកាស លក់ឧបករណ៍ទៅឲ្យ ជួររដ្ឋាភិបាលវិញម្តង។
កងកំលាំងរដ្ឋាភិបាល ប្រទេសញូវហ្សេឡេន បានប្រកាសនៅថ្ងៃទី ១៤ ខែកុម្ភៈម្សិលមិញនេះថា ខ្លួនបានចុះកិច្ចព្រមព្រៀង ដើម្បីទិញស្មាតហ្វូន iPhone ចំនួន ៦០០០គ្រឿង សម្រាប់មន្ត្រីប៉ូលីស និង iPad ចំនួន ៣៩០០គ្រឿង សម្រាប់មន្ត្រីរាជការ ។ កិច្ចព្រមព្រៀងនេះ សម្រាប់រយៈពេល ១០ឆ្នាំ ហើយកងកំលាំងនគរបាល នឹងត្រូវចំណាយប្រហែល ១៥៩ លានដុល្លារ នៅក្នុងការកិច្ចព្រមព្រៀងនេះ។
ជាក់ស្តែងកងកំលាំង នគរបាលប្រទេសញូវហ្សេឡេន ជ្រើសរើសយកផលិតផល ក្រុមហ៊ុន Apple រំលងក្រុមហ៊ុន BlackBerry, Google, និង Microsoft បន្ទាប់ពីធ្វើការស្ទាបស្ទង់មតិ មន្ត្រី ការិយាល័យរបស់ខ្លួន ដោយពួកគេនិយាយថា iPhone និង iPad ពិតជាមានប្រព័ន្ធកម្មវិធី បច្ចេកវិទ្យា មាន ប្រយោជន៍ភាគច្រើន សម្រាប់ប្រើប្រាស់នៅក្នុង ការងារការិយាល័យរបស់ពួកគេ។
ក្រុមហ៊ុន Apple ក៏ទទួលបានពិន្ទុយ៉ាងខ្ពស់ នៅក្នុងសប្តាហ៍នេះផងដែរ នៅពេលក្រុមហ៊ុន Home Depot បានប្រកាសផែនការ របស់ខ្លួននឹងបោះបង់ចោល ឧបករណ៍ BlackBerry ចំនួន ១ម៉ឺនគ្រឿង និងជំនួស iPhone ទៅឲ្យបុគ្គលិករបស់ខ្លួនវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល