ភ្នំពេញ ៖ បុរសជនជាតិហូឡង់ម្នាក់ ដែលជួលបន្ទប់ស្នាក់នៅ ក្នុងសណ្ឋាគារប៉ាស៊ីហ្វិក ត្រូវបានកម្លាំងនគរបាលមូលដ្ឋានរបស់ប៉ុស្ដិ៍ផ្សារថ្មីទី២ ខណ្ឌដូនពេញ ចុះទៅឃាត់ខ្លួន ក្រោយពីទទួលសេចក្ដីរាយការណ៍ថា ជនសង្ស័យរូបនេះ បានជាប់ពាក់ព័ន្ធនឹងការចាប់រំលោភ ទៅលើស្ដ្រីជនជាតិហូឡង់ដូចគ្នា នៅក្នុងបន្ទប់ សណ្ឋាគារខាងលើ ។
យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌដូនពេញបានឱ្យដឹងថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៣ ស្ថិតនៅចំណុចសណ្ឋាគារប៉ាស៊ីហ្វិក បន្ទប់លេខ៣០៥ ផ្ទះលេខ ២៣៤ ផ្លូវព្រះមុនីវង្ស កែង ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅឃាត់ ខ្លួនបុរសជនជាតិហូឡង់ម្នាក់ ឈ្មោះ PETER VAN DEVEN អាយុ៣០ ឆ្នាំ មុខរបរ ជាភ្ញៀវទេសចរមក កំសាន្ដនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្នជួលបន្ទប់សណ្ឋាគារស្នាក់នៅ ។ ដោយឡែកស្ដ្រីរងគ្រោះ ឈ្មោះ SARAH KATIUKA MARIA NIJHOLT អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិក នៅអង្គការ APPLE បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ។
របាយការណ៍របស់សមត្ថកិច្ចបានបន្ដថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ច បានទទួល សេចក្ដីរាយការណ៍ថា មានស្ដ្រីជនជាតិបរទេសម្នាក់ដេកនៅមុខ សណ្ឋាគារខាងលើ ដោយពុំទាន់ដឹងមូលហេតុ ពេលនោះកម្លាំងសមត្ថកិច្ច បានចុះទៅសួរនាំទើបដឹងថា ស្ដ្រីរូបនេះត្រូវបានជនសង្ស័យ ដេញចេពីបន្ទប់ក្រោយពីធ្វើសកម្មភាព ចាប់រំលោភហើយនោះ។ ក្រោយពីការសួរនាំ និងដឹងថា ស្ដ្រីរងគ្រោះត្រូវ បានជនសង្ស័យ រូបនេះចាប់រំលោភរួចមក ទើបសមត្ថកិច្ចបានចូលទៅក្នុងបន្ទប់ខាងលើ ហើយធ្វើការឃាត់ ខ្លួនតែម្ដង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីបញ្ជូនទៅឱ្យការិយា ល័យកណ្ដាលសន្ដិសុខ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដទៀត ៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល