បាងកក៖ ក្រុមអាវលឿង ធ្វើសកម្មភាពសម្រុកចូល វិមានរាជរដ្ឋាភិបាល ដើម្បីជួបនាយករដ្ឋមន្ត្រី យីងឡាក់ ក្នុងការគោលបំណងដាក់លិខិត ជំទាស់នឹងសាលដីកា របស់តុលាការក្រុងឡាអេ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ៨ ខែ មករា នេះបានឲ្យដឹងថា នៅបរិវេណវិមានរាជរដ្ឋាភិបាល នៅក្នុងក្រុងបាងកក ប្រទេសថៃ មានក្រុមចលនា សម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យ (ក្រុមអាវលឿង) ដែលដឹកនាំដោយលោក ប៉ានថេប ភួផុងផាន់ ព្រមទាំងសកម្មជន របស់ខ្លួនជាច្រើននាក់ព្យាយាម សម្រុកចូល ក្នុងវិមានរាជរដ្ឋាភិបាលថៃ ដើម្បីដាក់លិខិតស្នើសុំ ឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តី ហាមចុះហត្ថលេខា ទទួលស្គាល់ សេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ ICJ ចំពោះករណីប្រាសាទព្រះវិហារ។
តំណាងក្រុមអាវលឿង លោក ប៉ាន់ថេប បានថ្លែងថា នេះគឺជា ឱកាសចុងក្រោយហើយ សម្រាប់រដ្ឋាភិបាលថៃ ក្នុងរក្សាពាក្យសច្ចៈរបស់ខ្លួន ធ្លាប់សន្យាថា ក្នុងនាម ជាពលរដ្ឋថៃ ត្រូវតែរក្សាការពារនូវបូរណភាព និង អធិបតេយ្យរបស់ខ្លួន មិនឲ្យបាត់បង់នូវពេល បក្សភឿថៃឡើងកាន់អំណាច។ ក្រៅពីក្រុមអាវលឿង បានទាមទារ ឲ្យរដ្ឋាភិបាល អន្តរាគមន៍ជួយ អ្នកទោសថៃ ពីនាក់ កំពុងជាប់ពន្ធនាគារ នៅក្នុងក្រុង ភ្នំពេញ ប្រទេសកម្ពុជា ដែលភាគីកម្ពុជាចាប់ខ្លួនក្នុងដីថៃ កាលពីពេលទៅ នាសម័យលោក អាប់ភិស៊ីត វេចាជិវ៉ា ដឹកនាំរាជរដ្ឋាភិបាល៕
ប្រភព ៖ DAP