រាជធានីភ្នំពេញ ៖ លោកនាយករដ្ឋ​មន្ត្រី​​ថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បានកោះប្រជុំ​ជា​បន្ទាន់​​មួយជាមួយ​ប្រធានសន្តិសុខ​​ជាតិថៃ ដើម្បី​ពិភាក្សា​​​លើ​របៀប​វារៈ​ស្តីពីការ​ចាប់ខ្លួន​ពលរដ្ឋ​ថៃ​​៧​នាក់ ពីសំណាក់​​អាជ្ញាធរ​​កម្ពុជា​ពីបទឆ្លង​ដែន​​ចូលដីកម្ពុជា​​​ដោយខុសច្បាប់​...​នេះបើ​​តាម​គេហទំព័រ​​បាងកក ប៉ុស្តិ៍​​ចេញ​ផ្សាយ​កាលពី​​ព្រឹក​ថ្ងៃ​ទី​​៣០ ធ្នូ ​២០១០ ។​ លោក​ឧបនាយករដ្ឋ​មន្ត្រី​ស៊ូថេប ​ធឿក​ស៊ូ​បាន់ ​ដែលទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ជាតិ​ថៃ ​បាននិយាយ​នៅ​លើ​គេហទំព័រ​​បាង​កកប៉ុស្តិ៍​​​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​​នេះ​ថា កិច្ចប្រជុំ​​បន្ទាន់​នេះ​ គឺ​ដើម្បី​​រក​មធ្យោ​បាយ​​អន្តរាគមន៍​​ឱ្យ​មាន​ការ​ដោះ​លែង​លោក​សមាជិក​សភា​ថៃ ប៉ានិច វីគិត​ស្រែត មេ​ក្រុមអាវលឿង លោក​វីរ៉ា​ ស៊ុមខ្វាម​ឃីត ​ហើយ​និង​​ពលរដ្ឋ​ថៃ​​៥​នាក់​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​​ក្នុងដៃ​អាជ្ញាធរ​​កម្ពុជា និង​​បាន​បញ្ជូន​​ទៅកាត់ទោស​នៅ​រាជធានីភ្នំពេញ​នោះ ។
​ពលរដ្ឋ​សៀម​ទាំង​៧​នាក់​​នេះ ត្រូវបាន​​ឃាត់​ខ្លួន​​កាល​ពី​​វេលាម៉ោង​​​១០ព្រឹកថ្ងៃទី​​២៩ ធ្នូ ២០១០ ខណៈ​​ពួកគេ​​បានទៅ​ទស្សនកិច្ច​​ក្នុង​តំបន់​​​ជំលោះ ​ហើយ​ចូល​​ទៅក្នុងទឹកដី​​កម្ពុជា​ស្ថិត​ក្នុង​​​ភូមិជោគ​ជ័យ ​​ឃុំ​អូរបីជាន់ ​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមាន​ជ័យ ។ កិច្ចប្រជុំ​​បន្ទាន់នា​​ព្រឹក​នេះ លោកកាស៊ីត ភិរម្យ ​បាន​មក​​កាន់វិមាន​​រដ្ឋា​ភិបាល​​ ដើម្បី​ពិភាក្សា​​ជាមួយលោកនាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត វ៉េចាជីវ៉ា ​និង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ស៊ូ​ថេប ​ផង​ដែរ ។ ​យ៉ាង​ណា​ក៏ដោយ ​​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ សម្តេច​​​អគ្គមហាសេនា​បតីតេជោហ៊ុន សែន ​បានមាន​​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ថា ​​រឿង​ប្រព្រឹត្ត​​​ខុសច្បាប់​​លុកលុយ​​ទឹកដី​គេ​នោះ បើទោះ​​ជា​មាន​​អន្តរាគមន៍​​សុំ​ឱ្យ​ដោះ​​លែង​សមាជិក​​សភា​ទាំង​​២នាក់​នេះ​ក៏​ដោយ ​ក៏​យើង​​​មិន​អាច​ជួយ​បាន​ដែរ ព្រោះពួកគេ​យក​រឿង​ខុស​មកជាមួយ ។
សម្តេច​​បញ្ជាក់ទៀត​ថា ​ពិត​មែន​​តែ​អ្នកឯង ​ជា​សមាជិក​​សភា​ថៃ ​ប៉ុន្តែ​សមាជិក​​សភា​ថៃ​មាន​​អភ័យឯកសិទ្ធិ​​តែនៅក្នុង​​ទឹក​​ដីថៃ​ប៉ុណ្ណោះ ​អ្នក​​ឯង​គ្មាន​​អភ័យឯកសិទ្ធិ​​​ក្នុងទឹកដី​កម្ពុជាទេ ​អ្នក​ឯង​​ចូលក្នុងទឹកដីកម្ពុជា​ខុសច្បាប់​​ និងនាំរឿង​​ខុស​ច្បាប់មកជាមួយ​​ទៀត ដូច្នេះ​​បន្ទុកកាន់តែ​​ធ្ងន់ ហើយ ត្រូវតែ​ឃាត់​ខ្លួន​​កសាង​​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការជំនុំ​ជម្រះ​​តាមនីតិវិធី ។ សម្តេច​បន្ថែម​​ទៀត​ថា រឿងនេះ​​ខុសពីជន​ជាតិថៃ​​៣​នាក់ ​ដែលយើង​បាន​ដោះលែង​ប៉ុន្មាន​ថ្ងៃមុន ​អ្នក​ឯង​ធ្វើ​​តំណាង​រាស្ត្រ​​មិនយល់ច្បាប់ និង​មិនស្គាល់​ព្រំ​ដែន​​ខ្លួនឯង​​នៅ​កន្លែងណា​​នោះ​វា​ត្រូវ​​តែស្គាល់​​រស​ជាតិ​​គុក​ព្រៃ.ស ៕​