ស៊ីអិនអិន ៖ តាមព័ត៌មាន ពីទូរទស្សន៍ ស៊ីអិនអិន របស់អាមេរិក បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ថា យោធាកូរ៉េខាងជើង បានធ្វើការព្រមាន មកលើអាមេរិកសាជាថ្មីថា នឹងវាយ ប្រហារមូលដ្ឋាន យោធាអាមេរិក នៅកោះហ្គួម និងប្រទេសជប៉ុន ដោយសារខ្លួន កំពុងតែកំណត់គោលដៅ ទៅលើតំបន់ទាំងពីរនេះ ។
សេចក្តីថ្លែងការណ៍ របស់ទីបញ្ជាការជាន់ខ្ពស់ នៃកងទ័ពប្រជាជនកូរ៉េ បានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន រដ្ឋរបស់ ខ្លួន ដូចខាងលើនេះ បន្ទាប់ពីមានសេចក្តីប្រកាស ពីអាមេរិក នៅក្នុងសប្តាហ៍នេះថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់ ខ្លួនបានហោះហើរ ពីលើប្រទេស កូរ៉េខាងត្បូង ក្នុងពេលធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំរបស់ខ្លួននោះ។
សេចក្តីថ្លែងការណ៍ របស់យោធាកូរ៉េខាងជើង បានបញ្ជាក់ថា “អាមេរិក មិនគួរភ្លេចទេថា មូលដ្ឋានទ័ពអាកាស អាន់ឌឺសិន នៅកោះហ្គួម ដែលយន្តហោះ B-52 បានហោះចេញ និងមូលដ្ឋានកងទ័ពជើងទឹក នៅអូគីណាវ៉ា ដែលជាទីតាំង របស់នាវា ចម្បាំង ដើរដោយថាមពល នុយក្លេអ៊ែរ របស់អាមេរិកនោះ គឺជាគោលដៅវាយប្រហារចម្បងៗ របស់កូរ៉េខាងជើង” ។
គួរបញ្ជាក់ផងដែរថា នេះជាភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េ ដែលអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា ជាការបង្កឡើងដោយកូរ៉េខាងជើងសុទ្ធសាធ ព្រោះប្រទេសនេះ បានសាកល្បងអាវុធនុយក្លេអ៊ែរ និង បាញ់បង្ហោះផ្កាយរណប ដោយរំលោភ ទៅនឹងច្បាប់អន្តរជាតិ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល