បច្ចុប្បន្ន បច្ចេកវិទ្យាបោះពុម្ភ 3D លែងនៅជារបស់ចម្លែកទៀតនោះទេ ប៉ុន្ដែ ខណៈដែលបណ្ដាក្រុមហ៊ុនវិស្វកម្ម កំពុងតែប្រកួតប្រជែងគ្នាអំពីរចនាសម្រាប់អាគារ 3D ក្រុមហ៊ុនមួយ​នៅប្រទេសចិន ឈ្មោះ WinSun បានបោះពុម្ភជាស្ថាពរនូវអាគារថ្មីស្រឡាងរបស់ខ្លួន។

/

កាលពីខែមិនាឆ្នាំ ២០១៤ ក្រុមហ៊ុននេះ បានប្រកាសថា ខ្លួនបានបោះពុម្ភដោយជោគជ័យនូវអាគារចំនួន ១០ ដោយប្រើពេលត្រឹមតែ ២៤ម៉ោង។ ការបោះពុម្ភអាគារនេះ ត្រូវបានគេប្រើប្រាស់ម៉ាស៊ីនបោះពុម្ភមួយគ្រឿង និងវត្ថុធាតុចំបាច់សម្រាប់ការសាងសង់ ដូចជាកញ្ចក់ គ្រឿងសំណល់ឧស្សាហកម្ម និងវត្ថុធាតុពិសេស ជួយធ្វើឱ្យរឹង ដើម្បីបោះពុម្ភផ្នែកនិមួយៗរបស់អាគារ។

/

ថ្មីៗនេះ ក្រុមហ៊ុន WinSun បានបន្តបញ្ជាក់អំពីប្រសិទ្ធភាពការងារបោះពុម្ភ 3D របស់ខ្លួន ដោយបានឧទ្ទេសនាមនូវអាគារថ្មី កំពស់ ៥ជាន់ និងវីឡាមួយខ្នង មានទំហំ ១.១០០ម៉ែត្រក្រឡា ដែលមានរបស់ប្រើប្រាស់ក្នុង និងក្រៅអាគារ នៅតំបន់ឧស្សាហកម្ម Suzhou ។

/

ម៉ាស៊ីនបោះពុម្ភខាងលើ ត្រូវបានអភិវឌ្ឍដោយ Ma Yihe ជាអ្នកបង្កើតម៉ាស៊ីនបោះពុម្ភ 3D ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ។ ម៉ាស៊ីននេះ បោះពុម្ភផ្នែកនិមួយៗរបស់អាគារ ហើយក្រោយមក វាត្រូវបានគេដំឡើងនៅនឹងកន្លែង និងសម្រេចជាស្ថាពរដោយប្រើដែកថែប និងវត្ថុធាតុចំបាច់ផ្សេងៗ ដើម្បីឱ្យត្រូវទៅតាមស្ដង់ដានៃការសាងសង់។

/

បើទោះជាក្រុមហ៊ុននេះ មិនទាន់បង្ហើបឱ្យដឹងអំពីសមត្ថភាពរបស់ម៉ាស៊ីន ប៉ុន្ដែ យោងតាមបណ្ដារូបថត ដែលក្រុមហ៊ុនបានបញ្ចេញឱ្យដឹង គេឃើញថា ផ្នែកនិមួយៗរបស់អាគារ មានទំហំធំគួរសម។

/

/

WinSun ឱ្យដឹងថា បច្ចេកវិទ្យានេះ ជួយសំចៃវត្ថុធាតុសំណល់ពីការសាងសង់ ពី ៣០ ទៅ ៦០% ហើយអាចកាត់បន្ថយពេលវេលានៃការផលិត ពី ៥០% ទៅ ៧០% និងកាត់បន្ថយប្រាក់ចំណាយក្នុងការសាងសង់ ពី ៥០% ទៅ ៨០%។ ប្រាក់ចំណាយសរុប សម្រាប់ការសាងសង់វីឡាមួយខ្នង ដែលមានទំហំដូចក្នុងរូបថត គឺប្រហែល ១៦១.០០០ដុល្លារអាមេរិក។

/

/

ការ​ដំឡើង​អាគារ បន្ទាប់​ពី​ផ្នែក​និមួយ​ៗ ត្រូវ​បានគេ​បោះពុម្ភ​រួច​

/

ទំព័រ polotdesignco អះអាង​ថា នេះ​ជា​ម៉ាស៊ីន​បោះពុម្ភ​ 3D ខ្នាត​យក្ស របស់​ក្រុម​ហ៊ុន WinSun

ក្រុមហ៊ុនខាងលើ បន្ថែមថា ក្នុងពេលខាងមុខ ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីសាងសង់សំណង់ធំជាងនេះ ក្នុងនោះក៏មានអាគារខ្ពស់កប់ពពកផងដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/Ibtimes