ថ្ងៃនេះ Nokia បានបញ្ជាក់ថា ទូរស័ព្ទ Nokia 808 PureViewនឹងត្រូវនាំយកទៅផ្គត់ ផ្គង់លើទីផ្សារមួយចំនួន ដោយរាប់បញ្ចូលទាំងទីផ្សារប្រទេសរុស្សី និងឥណ្ឌាផងនៅក្នុងខែឧសភានេះ។ Nokia 808 PureViewគឺជាស្មាតហ្វូនNokia ដំបូងបង្អស់ដែលប្រើប្រាស់បច្ចេកវិទ្យា PureView ប្រកបទៅ ដោយសមត្ថភាពថតរូបភាពបានច្បាស់កំរិតខ្ពស់ជាងគេបង្អស់របស់Nokia ។

ចាប់តាំងពីបានប្រកាសជាសាធារណៈកាលពីខែកុម្ភៈមក, ស្មាតហ្វូន Nokia 808 PureView បានទទួលនូវពានរង្វាន់ធំៗជាបន្តបន្ទាប់ដូចជា ពានរង្វាន់ “ទូរស័ព្ទចល័តល្អផ្តាច់គេ ឬហៅជាភាសាអង់គ្លេសថា Best Mobile Device”នៅឯមហាព្រឹត្តិការសមាជទូរស័ព្ទពិភពលោក និងពានរង្វាន់ “ការច្នៃប្រឌិតផ្នែកខាងថតរូបភាពល្អផ្តាច់គេប្រចាំឆ្នាំ២០១២ ឬ Best Imaging Innovation for 2012” ពីសមាគមសារព័ត៌មានរូបភាព (Technical Image Press Association)។
លោកស្រី Jo Harlow នាយកផ្នែកឧបករណ៍ស្មាតហ្វូនបានមានប្រសាសន៍ថា ៖ PureView បានលើកកំពស់សមត្ថភាពថតរូបនៅក្នុងឧស្សាហកម្មស្មាតហ្វូនយ៉ាងពិតប្រាកដ ហើយ Nokia នឹងខិតខំប្រឹងប្រែងបង្កើនសមត្ថភាពនេះជាបន្តបន្ទាប់។ អំណឹះតទៅយើងនឹងនាំយកបច្ចេកវិទ្យា PureViewទៅប្រើប្រាស់នៅក្នុងស្មាតហ្វូន Nokia ម៉ូដែលក្រោយៗដើម្បីឲ្យអ្នកអតិថិជនទទួលបាននូវភាពរីករាយកាន់តែច្រើន។
Nokia 808 PureViewមានកាមេរ៉ា៤១មេហ្គាភិចសែល មានកញ្ចក់អុបទិច Carl Zeiss និងបច្ចេកវិទ្យាពង្រីកទំហំរូបភាពថ្មី (Pixel oversampling techology)។ បើកំណត់យកកំរិត Standard Resolution វាមានសមត្ថភាពទាញរូបភាពឲ្យឃើញជិត ហើយនៅតែច្បាស់ដដែល។ បើកំណត់យកកំរិត High-resolution វាមានសមត្ថភាពថតរូបភាពដើម្បីយកមកពង្រីក ឬកាត់យកប្លង់ណាមួយដែលធ្វើឲ្យយើងមើលឃើញនូវវត្ថុដែលយើងពិបាកនឹងឃើញដោយភ្នែកទទេ។ជាមួយនឹងការកំណត់យកមុខងារថតរូបក្នុងលក្ខខណ្ឌពន្លឺតិច និងសមត្ថភាពបង្រួមទំហំរូបភាពដើម្បីបញ្ចូលទៅបណ្តាញសង្គម ឬអ៊ីមែល Nokia 808 PureView ផ្តល់លទ្ធភាពជូនអ្នកប្រើប្រាស់ក្នុងការថតរូបលំដាប់វិជ្ជាជីវៈបានគ្រប់លក្ខខណ្ឌ។
ក្រៅពីនេះ Nokia 808 PureViewក៏អាចថតនិងមើលវីដេអូកំរិត HD 1080p បានដែរ។ ជាមួយនឹងមុខងារ Nokia Rich Recording ធ្វើឲ្យការថតយកសំលេងមានគុណភាពខ្ពស់ដូចគេថតដាក់ស៊ីឌី ដោយពុំចាំបាច់ប្រើមីក្រូហ្វូនឡើយ៕
ប្រភព៖ Nokia