ប៉េកាំងៈ មន្ត្រីយោធាជាន់ខ្ពស់ចិន បានជំរុញទាមទារ កងកម្លាំងយោធា ដើម្បីពង្រឹងការត្រៀមខ្លួនក្នុងការ ប្រយុទ្ធ ដើម្បីសម្រេចបានភាពជោគជ័យ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ ខែមេសា ឆ្នា២០១៣ បានចេញផ្សាយថា លោក Fan Changlong អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម បានសង្កត់ធ្ងន់បែបនេះ ក្នុងអំឡុង នៃការបំពេញដំណើរទស្សនកិច្ចត្រួតពិនិត្យមូលដ្ឋានយោធា ក្នុងខេត្ត Fujian Zhejiang ភាគខាងកើតប្រទេសចិន។
លោក Fan បានថ្លែងថា កងកម្លាំងយោធាចាំបាច់ត្រូវតែមានបម្រុងប្រយ័ត្ន ដោយត្រៀមខ្លួនជាស្រេច និងសមត្ថភាពក្នុងការប្រយុទ្ធ ដើម្បីឲ្យសម្រេចបាននូវភាពជោគជ័យក្នុងការប្រយុទ្ធ។
មិនតែប៉ុណ្ណោះលោកក៏បានជម្រុញឲ្យកងកម្លាំងយោធាទាំងអស់ ចាំបាច់ត្រូវតែស្មោះត្រង់ បរិសុទ្ធ គួរឲ្យជឿជាក់ ព្រមទាំងដាច់ខាតត្រូវតែគោរពតាមទិសដៅ នៃការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹម និងលោកប្រធាន Xi ផងដែរ។
ជាមួយគ្នានេះដែរ លោកបានស្នើកម្លាំងយោធា បង្កើនការហ្វឹកហាត់ ជាពិសេសក្នុងស្ថានភាពលំបាកនានាជាដើម។ លោកបានបន្ថែមថា ការហ្វឹកហាត់ចាំបាច់ត្រូវតែ មានភាពតឹងតែង មានទិសដៅចង់ឲ្យកងកម្លាំងហាក់ស្ថិតនៅក្នុងស្ថានភាពនៃការធ្វើសង្គ្រាមជាក់ស្តែង ជាជាងហ្វឹកហាត់ ក្នុងន័យគ្រាន់តែជាការបង្ហាញឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល