មិត្តភក្តិជិតស្និទ្ធរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានតុលាការកូរ៉េផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៣ ឆ្នាំពីបទប្រព្រឹត្ដអំពើពុករលួយ។ ការផ្តន្ទាទោសលោកស្រី Choi Soon-sil ពីបទផ្ដល់ប្រយោជន៍ដល់កូនស្រីរបស់ខ្លួននេះ គឺជារឿងអាស្រូវនៃការប្រើឥទ្ធិពលនយោបាយគាបយកប្រាក់ ឬប្រយោជន៍ដំបូងបង្អស់ ដែលបានទម្លាក់លោកស្រីប្រធានាធិបតី Park Geun-hye  ចេញពីតំណែង។

លោកស្រី បានដើរតួអស់រយៈពេលជាច្រើនឆ្នាំ ធ្វើជាទីប្រឹក្សារបស់លោកស្រី Park ដែលត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្ដអំពើពុករលួយ ហើយក៏ត្រូវបានតុលាការកាត់ទោសផងដែរ។ លោកស្រី Choi ក៏ប្រឈមនឹងបទចោទប្រកាន់ថា លោកស្រីបានទទួលប្រាក់សំណូកសម្រាប់លោកស្រី Park ផងដែរ ។ ទោះយ៉ាងណា លោកស្រី Park បានបដិសេធរាល់ការចោទប្រកាន់ពីបទប្រព្រឹត្ដអំពើពុករលួយ។

/

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប បានឱ្យដឹងថា លោកស្រី Choi ត្រូវបានតុលាការ រកឃើញពីពិរុទ្ធភាពនៃការប្រើឥទ្ធិពលលើមន្ដ្រីអប់រំ នៅសាកលវិទ្យាល័យមួយដើម្បីអនុញ្ញាតឱ្យកូនស្រីរបស់ខ្លួន ឈ្មោះ ជុង យូអ៊ីរ៉ា បានចូលរៀន នៅសាលកលវិទ្យាល័យនោះ ព្រមទាំងស្នើឱ្យសាកលវិទ្យាល័យផ្ដល់ពិន្ទុដល់កូនស្រីរបស់ខ្លួន លើវិញ្ញាសារនានា ដែលនាងមិនធ្លាប់ប្រលងទៀតផង។

អតីតមន្ត្រីពីររូប នៅសាកលវិទ្យាល័យ Ewha Womans ដ៏ល្បីល្បាញនេះ ក៏ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារផងដែរ ពីបទសមគំនិតជាមួយលោកស្រី Choi ។

អ្នកស្រី ជុង អ្នកជំនាញជិះសេះម្នាក់ ត្រូវបានចាប់ខ្លួន ហើយត្រូវបានធ្វើបត្យាប័នពីប្រទេសដាណឺម៉ាក កាលពីដើមឆ្នាំនេះ។ នាងត្រូវបានតុលាការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងការក្លែងបន្លំលើកិច្ចការប្រឡង៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC