តុលាការកំពូលចក្រភពអង់គ្លេស បានសម្រេចកាលពីថ្ងៃចន្ទថា ក្នុងករណីដែលអ្នកជំងឺសន្លប់ស្ដូកស្ដឹង និងគ្មានសង្ឃឹមថានឹងរស់(Permanent Vegetative State) គ្រូពេទ្យ អាចដកឧបករណ៍ជំនួយជីវិតចេញពីអ្នកជំងឺ រួមទាំងទុយោបញ្ចុកអាហារបាន ដោយមិនបាច់មានការព្រមព្រៀងពីតុលាការ ប្រសិនបើទាំងសាច់ញាតិរបស់អ្នកជំងឺ និងគ្រូពេទ្យ បានព្រមព្រៀងគ្នាហើយនោះ។ តុលាការជាន់ខ្ពស់ ដែលមានយុត្ដាធិការសម្រេចលើសុខុមាលភាពប្រជាជននៃចក្រភពអង់គ្លេស(UK Court of Protection) នៅតែមានអំណាចចេញសេចក្ដីសម្រេចឱ្យដកឧបករណ៍ជំនួយជីវិតចេញពីអ្នកជំងឺដដែល បើទោះបីជាគ្មានការព្រមព្រៀងរវាងសាច់ញាតិរបស់អ្នកជំងឺ និងគ្រូពេទ្យក៏ដោយ ប្រសិនបើគ្រូពេទ្យបញ្ជាក់អះអាងថា អ្នកជំងឺលែងអាចទទួលការព្យាបាលទៀតហើយ។

/

ករណីនេះ ជាប់ទាក់ទិននឹងអ្នកជំងឺម្នាក់ឈ្មោះ Y ដែលសន្លប់ស្ដូកស្ដឹងលែងដឹងខ្លួន និងគ្មានសង្ឃឹមរស់រយៈពេលមួយឆ្នាំ ក្រោយពីគាត់ស្ទះសរសៃឈាមបេះដូង(Cardiac Arrest)។ គ្រូពេទ្យពីរនាក់ បាននិយាយថា អ្នកជំងឺនេះ មានឱកាសដឹងខ្លួនវិញតិចណាស់។ ក្រុមគ្រួសាររបស់គាត់ បានយល់ព្រមឱ្យគ្រូពេទ្យដកឧបករណ៍ជំនួយជីវិតចេញ ជាពិសេសឱ្យដកទុយោបញ្ចុកអាហារតែម្ដង ដោយជឿថា ការណ៍នេះមានប្រយោជន៍ដល់លោក Y។  មន្ទីរសេវាសុខាភិបាលជាតិនៃប្រទេសអង់គ្លេស បានដាក់សំណើទៅតុលាការឱ្យចេញសេចក្ដីសម្រេចយល់ព្រមលើការដកឧបករណ៍ជំនួយវេជ្ជសាស្រ្ដនោះ។

អ្នកច្បាប់ បានទាញហេតុផលគាំទ្រដល់ប្រយោជន៍នៃបំណងប្រាថ្នារបស់អ្នកជំងឺ ដោយសារតែអ្នកច្បាប់បានអះអាងថា  តុលាការមានកាតព្វកិច្ចជួយការពារសិទ្ធិអ្នកជំងឺ ដែលកំពុងរងទុក្ខវេទនា។

ខណៈដែលកាលពីមុនគ្រូពេទ្យ អាចដកឧបករណ៍ជំនួយជីវិត ដោយមិនបាច់មានការយល់ព្រមពីតុលាការនោះ តុលាការនៅតែចេញសេចក្ដីអនុម័តដដែលដើម្បីឱ្យដកទុយោបញ្ចុកអាហារចេញពីអ្នកជំងឺ។

មតិយោបល់តុលាការ បានសរសេរថា៖”​ ការផ្ដល់ការព្យាបាល គឺជារឿងស្របច្បាប់ ល្គឹកណា វាមានប្រយោជន៍ជួយឱ្យអ្នកជំងឺរស់។ ផ្ទុយទៅវិញ ប្រសិនបើការព្យាបាលនោះ មិនមានប្រយោជន៍ស្រោចស្រង់អាយុជីវិតអ្នកជំងឺទេនោះ វាជារឿងខុសច្បាប់ទៅវិញទេ ដូច្នេះតុលារការត្រូវធ្វើវិចារណកិច្ចឱ្យច្បាស់ថា ការអនុវត្ដនេះស្របនឹងច្បាប់ និងមិនបំពានលើកាតព្វកិច្ចថែទាំអ្នកជំងឺរបស់ក្រុមគ្រូពេទ្យ មុនពេលសម្រេចថា ត្រូវរក្សាទុក ឬដកឧបករណ៍ជំនួយវេជ្ជសាស្រ្ដចេញពីខ្លួនអ្នកជំងឺ”។

តុលាការបានរកឃើញថា ពុំមានករណីយុត្ដិសាស្រ្ដនៃច្បាប់ក្នុងស្រុក ឬច្បាប់អន្ដរជាតិ ដែលតម្រូវឱ្យតុលាការ ត្រូវចេញសេចក្ដីអនុម័តយល់ព្រម ដល់ការដកទុយោបញ្ចុកអាហារចេញពីអ្នកជំងឺនោះទេ ប្រសិនបើទាំងគ្រូពេទ្យ និងក្រុមគ្រួសារអ្នកជំងឺយល់ឃើញថា ការផ្ដាច់អាហារ និងការព្យាបាលនេះ មានប្រយោជន៍ដល់អ្នកជំងឺ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist