ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ៧សីហាកន្លងទៅ បានទទួលស្គាល់ជាផ្លូវការថា បានប្រហារជីវិតអ្នកវិទ្យាសាស្ដ្រ Shahram Amiri ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តិអំពើចារកម្ម នៅពេលផ្ដល់ព័ត៌មានអំពីកម្មវិធីនុយក្លេអែររបស់ប្រទេសនេះ ទៅឱ្យអាមេរិក។
BBC បានចេញផ្សាយថា អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ Gholamhosein Mohseni Ejehi បានឱ្យដឹងថា អ្នកវិទ្យាសាស្ដ្រនុយក្លេអែរ Shahram Amiri អាយុ ៣៩ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត ព្រោះតែបាន “ផ្ដល់ព័ត៌មានសំខាន់របស់ប្រទេសជាតិ ទៅឱ្យសត្រូវ តាមរយៈទំនាក់ទំនងនៅអាមេរិក”។កាលពីថ្ងៃទី ៦សីហា ម្ដាយរបស់ Amiri ប្រាប់ថា សាកសពកូនប្រុសរបស់អ្នកស្រី ត្រូវបានប្រគល់មកឱ្យគ្រួសារ ជាមួយនឹងខ្សែនៅជាប់នឹងកនៅឡើយ។ ប្រការនេះ បញ្ជាក់ថា អ្នកវិទ្យាសាស្ដ្ររូបនេះ ត្រូវបានប្រហារជីវិតដោយព្យួរ ក។សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ដ្រ Amiri កាលពីឆ្នាំ ២០០៩ បានបាត់ខ្លួនដោយមិនដឹងមូលហេតុ នៅពេលចូលរួមក្នុងពិធីដង្ហែធម្មយាត្រាទៅកាន់ទីសក្ការៈបូជាសាសនាអ៊ីស្លាម នៅអារ៉ាប៊ី សាអូឌីត។ មួយឆ្នាំក្រោយមក លោក Amiri ត្រូវបានគេឃើញ មានវត្តមាននៅក្នុងវីដេអូមួយដែលថតនៅអាមេរិក ជាកន្លែងដែលលោកនិយាយថា លោកត្រូវបានក្រសួងស៊ើបការសម្ងាត់អាមេរិក (CIA) ចាប់ខ្លួន និងបង្ខំឱ្យលោក ប្រាប់អំពីព័ត៌មានសំខាន់របស់ប្រទេសជាតិ។ ប៉ុន្តែ មន្ដ្រីអាមេរិកនិយាយថា Amiri បានក្បត់ប្រទេសជាតិខ្លួន ដោយបានផ្ដល់ព័ត៌មានដែលមានប្រយោជន៍ដល់ក្រុងវ៉ាសីងតោន ទាក់ទឹននឹងកម្មវិធីនុក្លេអែររបស់អ៊ីរ៉ង់។ ទំព័រ Washington Post ចេញផ្សាយថា កាលពីខែកក្កដា ឆ្នាំ ២០១០ នៅពេលដែល Amiri ត្រឡប់ទៅកាន់ក្រុងតេអេរ៉ង់ លោកត្រូវបានគេជឿថា បានទទួលប្រាក់ ៥លានដុល្លារអាមេរិក ជាថ្នូរនឹងការផ្ដល់ព័ត៌មានស្ដីពីកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់ ទៅឱ្យ CIA។ក្រោយពីបានត្រឡប់មកកាន់ក្រុងតេអេរ៉ង់ លោក Amiri ត្រូវបានគេទទួលស្វាគមន៍ដូចទៅនឹងអ្នកក្លាហានម្នាក់ ដោយសារតែបានគេចផុតពី CIA។ ប៉ុន្តែ បន្ទាប់មក សារព័ត៌មានអ៊ីរ៉ង់ បានចុះផ្សាយថា លោក Amiri ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ។ បច្ចុប្បន្ន មិនទាន់មានព័ត៌មានផ្លូវការណាមួយស្ដីអំពីអ្វីដែលបានកើតឡើង ក្នុងអំឡុងពេលតុលាការអ៊ីរ៉ង់ឃុំខ្លួន និងកាត់ក្ដី អ្នកវិទ្យាសាស្ដ្រនុយក្លេអែរនេះនៅឡើយ៕ប្រែសម្រួល ៖ បុត្រា