ភ្នំពេញៈ ពាក្យដែលធ្លាប់ និយាយកំប្លែង លែងអំពីរឿង លោកចោរ ដែលឆក់ខ្សែក ឬក្រវិល បានហើយ ប៉ះចំរបស់កាឡៃ ក៏បកម៉ូតូមកវិញស្តីឲ្យ ឬក៏ទះកំផ្លៀង ម្ចាស់ខ្សែក និងម្ចាស់ក្រវិលនោះថា របស់កាឡៃអីចឹងក៏ចេះតែពាក់ដែរ ស៊យ អញអស់ រឿងនេះ វាបានក្លាយជារឿងពិត។

នៅម៉ោងប្រមាណ២ និង៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ជនសង្ស័យ៣ នាក់ ត្រូវបានក្រុម ប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់ រួចវាយបែកក្បាល បន្ទាប់ពីពួកគេ ធ្វើសកម្មភាពឆក់ខ្សែក ពីនារីម្នាក់បានសម្រេច ហើយក៏បក ម៉ូតូមកវិញសួរ បញ្ជាក់ថា “តើខ្សែកនេះមែនទែន ឬកាឡៃ” ។

ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ បានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីនារីរងគ្រោះទាំងបី នាក់ នោះ នំាគ្នាស្រែកឡើងថា ចោរ ពេលពួកគេបកម៉ូតូមកសួររឿងខ្សែក ពិត ឬកាឡៃ ខណៈពួកនាងកំពុង ដេរលេង តាមមាត់ទន្លេ។

ប្រជាពលរដ្ឋម្នាក់ទៀត ក៏បានឲ្យដឹងដែរថា ជនសង្ស័យត្រូវស្ទាក់ចាប់បាន នៅមុខកំពង់ផែ ក្បែរភោជនីយដ្ឋានទីតានិក ផ្លូវព្រស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយពួកគេត្រូវបាន ក្រុមមនុស្សនាំគ្នាវាយបែកក្បាល ។

សាក្សីបានឲ្យដឹងថា ស្រ្តីរងគ្រោះម្តាយមីងនិងក្មួយ ទាំងបីនាក់ នេះ បាននាំគ្នាទៅដើរលេងនៅមាត់ទន្លេ រួចដើរត្រឡប់ទៅ ផ្ទះ នៅសង្កាត់ទួលសង្កែវិញ ពេលមកដល់ម្តុំកំពង់ផែ ក្បែរភោជនីយដ្ឋានទីតានិក បុរសម្នាក់បានគំរាមប្រុងឆក់ទូរស័ព្ទ លុះ ក្រឡែកទៅឃើញនារីម្នាក់ទៀត ពាក់ខ្សែក ក៏ឆក់យកខ្សែក របស់នាងតែម្តងទៅ។

គឹម ស្រីហៀង អាយុ២១ឆ្នាំ ត្រូវជាបងស្រីនារីរងគ្រោះ ក៏បានឲ្យដឹងថា បន្ទាប់ពីឆក់ខ្សែក បានហើយមនុស្ស ប្រុសទាំង ៣នាក់ នោះបានជិះម៉ូតូចេញទៅបាត់ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញពួកគេជិះម៉ូតូត្រឡប់មកវិញសួរថា ខ្សែក អម្បាញ់ មិញនេះ មែនទែន ឬកាឡៃ ពេលនោះពូកគេក៏នាំគ្នា ស្រែកថាចោរៗ ទើបផ្អើលទាំង សមត្ថកិច្ចនិង ប្រជាពលរដ្ឋ ជិះ ម៉ូតូដេញតាមស្ទាក់ចាប់បាននិងវាយបែកក្បាលនៅមុខកំពង់ផែទីតានិក។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ គឹម ស្រីពៅ អាយុ១៨ ឆ្នាំ មុខរបរជាកម្មការិនី រោងចក្រកាត់ដែរ ម្តុំចំការដូង នាងមាន ស្រុកកំណើតនៅភូមិក្រួស ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវបានក្រុមជនសង្ស័យ គំរាមយកទូរស័ព្ទ និងជិះម៉ូតូសេ១២៥ ឆក់ខ្សែក ។

សមត្ថិកិច្ចបន្តទៀតថា ក្រោយពេលកើតហេតុស្រ្តីរងគ្រោះ និងជនសង្ស័យត្រូវ បានហៅទៅ សាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្រះចក តាមនីតិវិធីច្បាប់ ៕

/

/

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល