រថភ្លើងល្បឿនលឿន Hyperloop ធ្វើដំណើរក្នុងបំពង់ដែក ជាមួយនឹងល្បឿន ១.២០០គីឡូម៉ែត្រ/ម៉ោង នឹងត្រូវបានដំណើរការសាកល្បងនៅ៣ខែខាងមុខ ដើម្បីត្រៀមដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២០។

/

ក្រុមហ៊ុន Hyperloop One ថ្មីៗនេះ បានប្រកាសថា ខ្លួនកំពុងមានគម្រោងដំណើរការសាកល្បងរថភ្លើងល្បឿនលឿនរបស់ខ្លួននៅ៣ខែខាងមុខ នៅឧទ្យាន Apex Industrial Park ក្នុងតំបន់ Las Vegas អាមេរិក នេះបើតាម Las Vegas Review Journal។

Nick Earle អគ្គនាយករង ដែលគ្រប់គ្រងសកម្មភាពទូទាំងពិភពលោក បានឱ្យដឹងថា ការសាកល្បងនេះនឹងធ្វើឡើងរយៈចម្ងាយ ៥០០ម៉ែត្រ។

Nick Earle ថ្លែងថា “រថភ្លើងនេះនឹងរត់នៅលើទីខ្ពស់ ក្នុងល្បឿនសមស្រប ហើយក្រោយមកវានឹងបង្អន់បន្តិចម្ដងៗ”។

/

ទំព័រ Wired ឱ្យដឹងថា កាលពីខែឧសភា ឆ្នាំ ២០១៦ ក្រុមនេះបានទទួលជោគជ័យក្នុងការសាកល្បងដំណើរការ ជាមួយនឹងល្បឿន ១៨០គីឡូម៉ែត្រ/ម៉ោង។

Nick Earle បន្តថា តាមគម្រោង រថភ្លើង Hyperloop នឹងត្រៀមខ្លួនជាស្រេចដើម្បីដឹកទំនិញចាប់ពីឆ្នាំ ២០២០។

រថភ្លើង Hyperloop ត្រូវបានបង្កើតឡើងក្រោមគំនិតរបស់មហាសេដ្ឋី Elon Musk នេះ ដំណើរការដោយអគ្គីសនី។

យោងតាមការគន់គូររបស់ Elon Musk រថភ្លើង Hyperloop នឹងចំណាយពេលត្រឹមតែ៣៦នាទី ដើម្បីធ្វើដំណើរពី San Francisco ទៅកាន់ Los Angeles នៃសហរដ្ឋអាមេរិក៕

ប្រែសម្រួល ៖ តារាប្រភព ៖ nbcbayarea /next Media