បន្ទាប់ពីមានគ្រោះមហន្ដរាយធម្មជាតិ ដូចជាព្យុះ Haiyan ដែលបានបំផ្លាញប្រទេស Philippinesធ្វើឱ្យបេសកកម្មជួយសង្គ្រោះក្នុងតំបន់រងផលប៉ះពាល់ តែងជួបការលំបាក ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ បានខូចខាត។ ដូច្នេះ គណកម្មការអឺរ៉ុប បានបញ្ជាឱ្យក្រុមអ្នកវិទ្យាសាស្ដ្រ រចនាយន្ដហោះប្រភេទទំនើប ពហុមុខងារដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ។
នោះគឺជាយន្ដហោះដែលអាចចុះចត និងហោះឡើងដូចឧទ្ធម្ភាគចក្រ និងអាចចុះចតលើផ្ទៃទឹកទន្លេ ក៏ដូចជាសមុទ្រ ព្រមទាំងអាចធ្វើសកម្មភាព ដូចទៅនឹងបាល់ឡុងហោះ។ គម្រោងដែលមានឈ្មោះថា ESTOLAS បានរចនាយន្ដហោះប្រភេទតូច ដោយមានម៉ាស៊ីកង្ហារភ្ជាប់នៅខាងក្រោយ ដើម្បីជួយឱ្យវាមានមុខងារដូចឧទ្ធម្ភាគចក្រ។ ដងខ្លួនរបស់យន្ដហោះ ត្រូវបានធ្វើឡើងអំពី composite និងអាចបូមខ្យល់ helium ចូល ធ្វើឱ្យវាស្រាលជាងមុន និងខ្ពស់ជាងមុន ទន្ទឹមនឹងនេះ វាក៏អាចហោះហើរឡើង និងចុះចតនៅលើផ្លូវរយៈចម្ងាយខ្លីបំផុត។ ផ្នែកខាងក្រោមរបស់យន្ដហោះ ត្រូវបានបំពាក់ដោយពោងខ្យល់មួយ ដូចកង់រថយន្ដ ដែលជួយឱ្យវាអាចចុះចតនៅកន្លែងពិបាកដូចជាទឹក ល្បប់ ព្រិល ឬទឹកកក។ល។
ក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងពិនិត្យទៅលើម៉ូដែល ESTOLAS ៤ប្រភេទផ្សេងៗគ្នា ចាប់ពីតូច មធ្យម ធ្ងន់ ធ្ងន់បំផុត ដែលអាចដឹកបាន ពី ៣,៣តោន ដល់ ៤៤០តោន។ ទស្សនាវដ្ដី Gizmag ដែលបានដកស្រង់សំដីរបស់ Alexander Gamaleyev អ្នកគ្រប់គ្រងគម្រោង ខាងលើនេះ បានឱ្យដឹងថា យន្ដហោះ ESTOLAS ប្រភេទធ្ងន់បំផុត ត្រូវការផ្លូវសម្រាប់ហោះឡើង ត្រឹមតែ ១៧៥ម៉ែត្រ រីឯកំណែតូច ត្រូវការតែ ៧៥ម៉ែត្រ។ Alexander Gamaleyev ក៏បង្ហើបឱ្យដឹងថា កម្លាំងផ្ទុករបស់វានឹងខ្ពស់ជាងពី ១,៥ ទៅ២ដង ធៀបនឹងយន្ដហោះប្រតិកម្ម ឬឧទ្ធម្ភាគចក្រធម្មតា ប៉ុន្ដែវាប្រើប្រាស់ថាមពលតិច ដូច្នេះ តម្លៃរបស់វា គឺប្រហាក់ប្រហែលនឹងផ្លូវដែក។
ក្រៅពីសកម្មភាពជួយសង្គ្រោះ ក្រុមអ្នកវិទ្យាសាស្ដ្រ ក៏បានដាក់ទិសដៅជាច្រើនទៀតក្នុងការប្រើប្រាស់ ESTOLAS ដូចជា ក្នុង វិស័យការពារជាតិ ពាណិជ្ជកម្ម ទេសចរណ៍ ឬប្រមូលប្រេង។ល។ ក្រុមអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា ម៉ូដែលពេញលេញរបស់ ESTOLAS នឹងត្រូវបានរចនារួចរាល់ ក្នុងរយៈពេល ២៤ខែខាងមុខ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
យន្ដហោះទំនើប អាចបើកលើទឹក ដី អាកាស និងលើព្រិលទឹកកក
កងទ័ពអាមេរិក បង្កើតយន្ដហោះបាលឡុង យក្ស
ជប៉ុនបង្កើតឧទ្ធម្ភាគចក្រខ្នាតតូច ដើរដោយអគ្គីសនី សម្រាប់ដឹកមនុស្ស
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gizmag