(ហ្សាការតា)៖ កងកម្លាំងយោធានៃប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីបញ្ជាការរបស់ខ្លួនបានដាច់វិទ្យុទាក់ទងជាមួយនឹង ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ​ដែលផ្ទុកនាយទាហាន​ចំនួនប្រាំរូប ស្ថិតនៅលើដែនអាកាសនៃកោះ Borneo។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

/

អ្នកនាំពាក្យកងទ័ពជើងគោកឥណ្ឌូណេស៊ីលោកឧត្តមសេនីយ៍ Sabrar Fadhilah បានថ្លែងថា​ឧទ្ធម្ភាគចក្រ​ខាងលើដែលមានប្រភេទ Bell 412 EP បានដាច់ការទាក់ទង ជាមួយនឹងទីបញ្ជាការ​នៅរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ បន្ទាប់ពីបានហោះចាកចេញពីក្រុង Tarakan នៃខេត្ត North Kalimanta ដោយនៅលើនោះមានពលទាហាន ចំនួនប្រាំនាក់រួមជាមួយ និងបរិក្ខាផ្គត់ផ្គង់ទម្ងន់ ប្រមាណជា៤០០គីឡូក្រាម ត្រូវបានដឹកធ្វើដំណើរទៅសំដៅកាន់ភូមិដាច់ស្រយាល Long Bawan នៅក្បែរព្រំដែនប្រទេសម៉ាឡេស៊ី។

/

ខណៈនេះដែរក្រុមភ្នាក់ងារជួយសង្រ្គោះកំពុង តាមស្វែងរកឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនេះ នៅស្រុក Malinau ក្នុងខេត្តតែមួយដែលគេជឿជាក់ថាជាកន្លែងវាបានធ្លាក់។ គួររំលឹកដែរថា កាលពីចុងខែតុលា​កន្លងទៅថ្មីៗនេះយន្តហោះដឹកជញ្ជូនមួយគ្រឿងធុន DHC 4 Caribou បានធ្លាក់នៅក្នុងខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី និងបានផ្តាច់យកជីវិតមនុស្សចំនួនបួននាក់ដែលជិះនៅលើនោះ​ទៅជាមួយគ្នា នៅក្រោយពេលមានសេចក្តីរាយការណ៍ថា បានបាត់ដំណឹងដូចគ្នាហេតុនេះហើយជោគ​វាសនារបស់ឧទ្ធម្ភាគចក្រមួយគ្រឿងថ្មីនេះ ក៏ទំនងជាមិនខុសគ្នាប៉ុន្មាននោះឡើយ៕

ប្រភព ៖ CNA