កងទ័ពកម្ពុជា បានបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរថៃ Bangkok Airways ដែលមិនអាចចុះចតបាននៅអាកាសយានដ្ឋានខេត្តសៀមរាប ដោយសារតែមានអាកាសធាតុមិនល្អ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ៧យប់ ថ្ងៃទី ១១ ខែកាក្កដា ឆ្នាំ ២០១២។

យោងតាមអ្នកនាំពាក្យកងទ័ពថៃលោក Colonel Sirichan Ngathong បានឱ្យដឹងថា កម្ពុជាបានបាញ់យន្តហោះដឹកអ្នកដំណើរថៃ ដោយសារកម្ពុជាយល់ច្រឡំថា យន្តហោះនោះគឺជាយន្តហោះស៊ើបការណ៍របស់ថៃ ដែលហោះមកស៊ើបការណ៍នៅក្នុងទឹកដីកម្ពុជា ។
កងទ័ពថៃម្នាក់នោះ បានបន្ថែមឱ្យដឹងទៀតថា គ្មានអ្នកដំណើរណាម្នាក់បានរងរបួសក្នុងហេតុការណ៍នេះទេ។

យោងតាមលោក សេង ភារិន មេបញ្ជាយោធាកម្ពុជាមួយរូប បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅពេលយប់ យើងមិនអាចមើលឃើញថា វាជាប្រភេទយន្តហោះអ្វីទេ ប៉ុន្តែយន្តហោះនេះ បានហោះឆ្វែលចុះឡើងជាច្រើនដង ចូលដែនអាកាសរបស់យើង ដូច្នេះទាហានរបស់យើង បានបាញ់យន្តហោះនោះ ១៨គ្រាប់ ដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយយើងសង្ស័យថា វាគឺជាយន្តហោះស៊ើបការណ៍របស់ថៃ។
សម្រាប់ហេតុការណ៍នេះ ភាគីថៃ បាននិយាយថា វាបានកើតឡើងកាលពីព្រឹកថ្ងៃទី ១២កាក្កដាខណៈដែលភាគីកម្ពុជានិយាយថា កើតឡើងនៅម៉ោង ៧យប់ ថ្ងៃទី ១១ ខែកាក្កដា ឆ្នាំ ២០១២៕
ដោយ៖ វណ្ណៈប្រភព៖ asiancorrespondent