ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William E. Todd ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលឈានចូលមកដល់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣នេះ បានជូនពរប្រជាពលរដ្ឋខ្មែរ ទាំងអស់ ឲ្យបានជួបតែសន្តិភាព វិបុលភាព និងសុវត្ថិភាព។
ក្នុងវីដេអូក្លីបរយៈពេលជាង២នាទី ដែលបានដាក់បង្ហោះតាមប្រព័ន្ធយូធូបកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ លោក William E. Todd បានរៀបរាប់ថា រូបលោកបានចូលរួមអបរសាទរបុណ្យចូលឆ្នាំខ្មែរជាលើកដំបូងនៅក្នុង វត្តខ្មែរនៅសហរដ្ឋអាមេរិក ហើយឆ្នាំនេះ លោកបានចូលរួមប្រារព្ធពិធីបានបម្រើការនៅក្នុងស្ថានទូតអាមេរិក ដែលមានទីតាំងនៅជិត វត្តភ្នំ។
លោកបានថ្លែងដូច្នេះ «កាលពីប្រហែលមួយឆ្នាំកន្លងទៅ ខ្ញុំមានឱកាសពិសេសបានចូលរួមក្នុងពិធីបុណ្យចូលឆ្នាំ ខ្មែរដំបូងនៅសហរដ្ឋអាមេរិក នៅពេលខ្ញុំជិតមកប្រទេសកម្ពុជា។ ខ្ញុំបានទៅមើលវត្តមួយធំជាងគេមួយរបស់ខ្មែរ នៅអាមេរិក ក្នុងវត្តនោះខ្ញុំបានឃើញប្រពៃណីខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ដែលមានរាប់ពាន់ឆ្នាំមក។»
ឯកអគ្គរដ្ឋទូត ដែលគេមើលឃើញមានបុគ្គលិកលក្ខណៈទន់ភ្លន់ និងបង្កើតទំនាក់ទំនងបានយ៉ាងល្អរវាងកម្ពុជា- អាមេរិករូបនេះ បានថ្លែងបន្តថា «នៅឆ្នាំនេះ ខ្ញុំមានសំណាងបានចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរ នៅរាជធានីភ្នំ ពេញ ជាមួយបុគ្គលិកខ្មែរក្នុងស្ថានទូត និងគ្រួសារគេ ដោយភ្លក់ម្ហូបខ្មែរ លេងល្បែងប្រជាប្រិយ និងស្គាល់វប្បធម៌ ដទៃទៀតរបស់ខ្មែរ»។
នៅក្នុងសារជូនពរប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោកឯករដ្ឋទូតអាមេរិក ក៏បានបញ្ជាក់ពីជំហររបស់ ខ្លួន ធ្វើឲ្យចំណងទំនាក់ទំនងរវាងកម្ពុជា-កាន់តែរឹងមាំបន្ថែមទៀត ទាំងពេលបច្ចុប្បន្ន និងបណ្តាឆ្នាំក្រោយៗទៀត ។
លោកថ្លែងដូច្នេះ «ក្នុងឆ្នាំកន្លងទៅ ទាក់ទងនិងសមិទ្ធិផល សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តចំពោះប្រទេស កម្ពុជា នៅពេលបច្ចុប្បន្ន និងទៅអនាគត ហើយនៅក្នុងឆ្នាំខាងមុខទៀត ខ្ញុំរីករាយនឹងធ្វើការពង្រឹងទំនាក់ទំនង របស់យើងជាមួយប្រជាជន និងរដ្ឋាភិបាលកម្ពុជា»។
ចុងក្រោយលោកបានថ្លែងថា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរត្រឡប់ទៅផ្ទះជួបជុំគ្រួសារ និងសហ-គមន៍របស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧នេះ លោកបានជូនពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បានជួយបសន្តិភាព វិបុលភាព និងសុវត្ថិភាព។
ខាងក្រោមនេះ ជាវីដេអូក្លីប សារជូនពររបស់ឯកអគ្គរដ្ឋទូត William E. Todd ផ្ញើជូនប្រជាពលរដ្ឋកម្ពុជាក្នុងឱកា សបុណ្យចូលឆ្នាំថ្មី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល