ភ្នំពេញ ៖ បុរស៣នាក់បានរងរបួសធ្ងន់ ស្រាល ក្នុងខណៈពួកគេជិះក្នុងរថយន្តមួយគ្រឿង ដោយអ្នកបើកបរចុះពីលើស្ពានមុនីវង្ស យ៉ាងលឿន សំដៅទៅលំនៅឋាន នៅតាម បណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់វាលស្បូវ ប៉ុន្តែមិនទាន់ដល់ផង ក៏ជ្រុលបុកបង្គោលភ្លើងនៅជិតស្តុបច្បារអំពៅបាក់អស់មួយដើម កាលពីវេលាម៉ោង ២៤ និង ៣០ នាទីយប់ថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១៣ នៅចំណុចភូមិដើមអម្ពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។      

លោក ទិត ចំរើន នាយផ្នែក ចរាចរខណ្ឌមានជ័យ បានឲ្យដឹងថា បុរសរងគ្រោះទាំងបីនាក់នេះ ជិះក្នុងរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M 9980 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ពោលគឺចុះពីស្ពានមុនីវង្សថ្មី សំដៅទៅកើត តាមបណ្តោយផ្លូវជាតិលេខ១ ដោយពួកគេបានបើករថយន្ត យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរ ដេកលក់ ទើបបណ្ដាលឲ្យរេចង្កូតរថយន្តទៅបុកបង្គោលថ្ម បាក់ត្រឹមគល់ រលំទើរលើដំបូល ផ្ទះប្រជា ពលរដ្ឋ ហើយខ្សែភ្លើងរប៉ាត់រប៉ាយ ពេញផ្លូវថែមទៀត ហើយរថយន្តបានផ្ទុះពោងសុវត្ថិភាព និងរងការខូចខាតទាំងស្រុង។

ក្នុងហេតុការណ៍រថយន្តបង្កហេតុត្រូវបង្គោលភ្លើងបាក់រលំសង្កត់ពីលើ បណ្តាលឲ្យអ្នកនៅក្នុងរថយន្តបីនាក់ មានពីរនាក់រងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តត្រូវរងការខូតខាតទាំងស្រុង។ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា បុរសពីរនាក់ដែលរងរបួសធ្ងន់ ទី១ឈ្មោះ ម៉ូ នីកា ភេទប្រុស អាយុ ៣៥ ឆ្នាំ នឹងម្នាក់ទៀត ឈ្មោះ សុខ លាភ ភេទប្រុសអាយុ ៣០ ឆ្នាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកមានជ័យ ។ ចំណែកអ្នករងរបួស ស្រាលមិនត្រូវស្គាល់អត្ត សញ្ញាណដោយសារក្រោយពេលកើតហេតុរូបគេបានរត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ ប៉ុន្តែមិនហ៊ាន អូសចេញនៅឡើយទេ ព្រោះមានខ្សែភ្លើងរញ៉េរញស៉ ខ្លាចមានកើតហេតុ ផ្សេងៗ ទុក រហូតដល់ព្រឹកថ្ងៃទី២២ ឧសភា ទើបក្រុមមន្រ្តីអគ្គិសនី ចុះមកមើលស្ថានភាព ចាត់ចែងយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល