នំពេញ ៖បង្គោលភ្លើង ស្ថិតនៅចំពីមុខ សកលវិទ្យាល័យបញ្ញាសាស្ដ្រ តាមបណ្ដោយ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពីវេលាម៉ោងប្រមាណ ១០ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៣ បានទុស្សេឆាបឆេះចេញជាផ្សែង និងអណ្ដាតភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលកំពុងធ្វើ ដំណើរនៅតាមផ្លូវ ជាពិសេសក្រុមនិស្សិត ដែលកំពុងសិក្សា នៅក្នុងសកលវិទ្យាល័យមួយនេះ ។

អ្វីដែលធ្វើឱ្យចាប់អារម្មណ៍ជាងនេះ ប្រសិនបើពុំមានការជួយអន្ដរាគមន៍ទាន់ ពេលវេលា របស់កម្លាំងនគរបាលពន្លត់អគ្គិ ភ័យនោះទេ ទុស្សេខ្សែភ្លើងដែលនាំឱ្យឆេះ បង្គោលភ្លើង អាចនឹងរីករាលដាលកាន់តែ ធ្ងន់ធ្ងរ ពីព្រោះកន្លែងបង្គោលភ្លើងនៅក្បែរ ស្ថានីយប្រេងសូគីម៉ិច ប្រមាណ ២០ម៉ែត្រប៉ុណ្ណោះ ។

យោងតាមប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅតាមផ្លូវ ហើយបានឈរមើលហេតុការណ៍ ខាងលើនេះបានឱ្យដឹងថា នៅវេលាម៉ោង ប្រមាណ ១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៣ នេះ ស្រាប់តែមានផ្សែង ហុយចេញពីប្រអប់ភ្លើងនៅមុខសកលវិទ្យា ល័យបញ្ញាសាស្ដ្រ ស្ទើរតែមើលផ្លូវមិនចង់ឃើញ ដោយសារតែឆ្លងចរន្ដអគ្គិសនី ។ ពេលនោះកន្លែងកើតហេតុត្រូវបានសមត្ថកិច្ច និងក្រុមសន្ដិសុខរបស់សកលវិទ្យាល័យ បញ្ញាសាស្ដ្រ បានទប់ស្កាត់មិនឱ្យប្រជាពល រដ្ឋធ្វើដំណើរឆ្លងកាត់ ហើយទាក់ទងទៅខាង មន្ដ្រីអគ្គិសនី និងរថយន្ដពន្លត់អគ្គិភ័យមក ជួយអន្ដរាគមន៍ ដោយសារតែគេភ័យខ្លាច ពីព្រោះស្ថានីយប្រេងសូគីម៉ិចនៅក្បែរនោះ។

ក្រោយពីមានករណីនេះកើតឡើងភ្លាម ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គិភ័យ រាជធានីភ្នំពេញ លោក នេត វណ្ណថា បាន ថ្លែងប្រាប់តាមទូរស័ព្ទថា កម្លាំងនគរបាល របស់លោក បានបញ្ជូនរថយន្ដ១គ្រឿងទៅជួយអន្ដរាគមន៍ ហើយភ្លើងក៏បានរលត់ទៅវិញ ។ យ៉ាងណាក៏ដោយដោយសារតែទុស្សេ ខ្សែភ្លើងមួយសន្ទុះក្រោយមកនៅតំបន់នោះ ភ្លើងដាច់ បូករួមទាំងសកលវិទ្យាល័យ បញ្ញាសាស្ដ្រផងដែរ ៕

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល